ដោយដកស្រង់សម្ដីពីប្រភពជិតស្និទ្ធនឹងគណបក្សកាន់អំណាច សារព័ត៌មាន Chosun Ilbo នៅថ្ងៃពុធ (ទី៤ ខែធ្នូ) នេះ បានរាយការណ៍ថា គណៈរដ្ឋមន្ត្រីរបស់កូរ៉េខាងត្បូង បានបង្ហាញពីចេតនារបស់ពួកគេ ក្នុងការលាលែងពីតំណែងរួមគ្នាទៅកាន់នាយករដ្ឋមន្ត្រី។

សេចក្ដីរាយការណ៍នេះកើតឡើងបន្ទាប់ពីមានការប្រកាសច្បាប់អាជ្ញាសឹកពីប្រធានាធិបតី លោក Yoon Suk Yeol កាលពីយប់ មុនពេលដែលលោកបានដកចេញវិញ ក្រោយសភាបានបោះឆ្នោតបដិសេធ។ សារព័ត៌មាន Chosun Ilbo បានឲ្យដឹងថា នាយករដ្ឋមន្ត្រី លោក Han Duck-soo គ្រោងនឹងជួបជាមួយថ្នាក់ដឹកនាំគណបក្សអំណាចប្រជាជន (PPP) ដែលកំពុងកាន់អំណាច និងជំនួយការជាន់ខ្ពស់របស់លោក Yoon នៅវេលាម៉ោង ២រសៀល (ម៉ោងក្នុងស្រុក)។

ប្រមុខដឹកនាំគណបក្ស PPP គឺលោក Han Dong-hoon បានអំពាវនាវឲ្យរដ្ឋមន្ត្រីការពារជាតិ លោក Kim Yong-hyun ត្រូវបានបញ្ចប់តួនាទី និងឲ្យគណៈរដ្ឋមន្ត្រីទាំងមូលលាលែងពីតំណែង។ តាមសេចក្ដីរាយការណ៍ រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Kim បានស្នើសុំឲ្យប្រកាសច្បាប់អាជ្ញាសឹកទៅកាន់លោក Yoon។

លោក Han នៃគណបក្ស PPP បានប្រាប់អ្នកសារព័ត៌មានថា លោកក៏បានស្នើឲ្យដកលោក Yoon ពីគណបក្ស ប៉ុន្តែសមាជិកសភារបស់បក្សកាន់អំណាចមានការយល់ឃើញផ្សេងៗគ្នា។ ទីភ្នាក់ងារសារព័ត៌មាន Newsis និង Yonhap នៅថ្ងៃទី៤ ខែធ្នូ នេះ បានរាយការណ៍ថា នាយអគ្គសេនាធិការ និងបណ្ដារដ្ឋមន្ត្រីជាន់ខ្ពស់របស់លោក Yoon បានស្នើលាលែងពីតំណែងរួមគ្នា នៅព្រឹកនេះ៕