អស់រយៈពេលជាច្រើនទស្សវត្សរ៍មកហើយ ប្រទេសកូរ៉េខាងត្បូង គឺជាសម្ព័ន្ធមិត្តដ៏សំខាន់បំផុតមួយរបស់អាមេរិក នៅអាស៊ី មិនត្រឹមតែដោយសារទាហានអាមេរិកជិត ៣០.០០០នាក់ ឈរជើងនៅទីនោះប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារតែប្រទេសនេះឈរជាសសរដ៏រឹងមាំតំណាងឲ្យលទ្ធិប្រជាធិបតេយ្យ នៅក្នុងតំបន់ ដែលប្រទេសប្រកាន់លទ្ធិផ្តាច់ការប្រឹងប្រែងប្រជែងជាមួយ។

ប្រធានាធិបតីអាមេរិក លោក Joe Biden បានផ្ដល់ភាពសំខាន់ជាពិសេស ចំពោះកូរ៉េខាងត្បូង ដោយជ្រើសរើសប្រទេសនេះជាទីតាំងមិនមែនសហរដ្ឋអាមេរិកដំបូងគេ សម្រាប់សន្និបាតអន្តរជាតិប្រចាំឆ្នាំរបស់លោក ដែលជាកិច្ចប្រជុំកំពូល ដើម្បីលទ្ធិប្រជាធិបតេយ្យ។ ហើយនៅឆ្នាំ២០២៣ លោកបានធ្វើម្ចាស់ផ្ទះទទួលលោកប្រធានាធិបតី Yoon Suk Yeol ដោយការរៀបចំអាហារពេលល្ងាចថ្នាក់រដ្ឋ នៅសេតវិមាន។

លោក Biden ក៏បានពឹងផ្អែកលើលោក Yoon ផងដែរ ក្នុងការផ្តល់អាវុធ ដើម្បីឲ្យអ៊ុយក្រែនការពារខ្លួនប្រឆាំងនឹងការលុកលុយរបស់រុស្ស៊ី។ តែឥឡូវនេះ ដោយលោក Yoon បានប្រកាសច្បាប់អាជ្ញាសឹក បន្ទាប់ពីបានចោទប្រកាន់ទាំងកំហឹងថា គណបក្សប្រឆាំងបានឃុបឃិតជាមួយកូរ៉េខាងជើង ដើម្បីបំផ្លាញលោក ដូច្នេះ ទំនាក់ទំនងរបស់អាមេរិកជាមួយកូរ៉េខាងត្បូង អាចប្រឈមនឹងការសាកល្បងដ៏ធំបំផុត ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។

ហើយលោក Biden ដែលបានប្រើលទ្ធិប្រជាធិបតេយ្យទប់ទល់នឹងរបបអត្តាធិបតេយ្យជាក្របខ័ណ្ឌកំណត់នៃគោលនយោបាយការបរទេសរបស់លោកនោះ នឹងត្រូវជ្រើសរើសយ៉ាងលំបាកអំពីវិធីដោះស្រាយវិបត្តិ បន្ទាប់ពីទាញយកផលពីទំនាក់ទំនងជាច្រើនឆ្នាំជាមួយលោក Yoon ដែលជាមេដឹកនាំអភិរក្សនិយម និងបន្ទាប់ពីចំណាយពេលជាច្រើនឆ្នាំលើកកម្ពស់ទំនាក់ទំនងយោធា ដើម្បីទប់ទល់នឹងចិន កូរ៉េខាងជើង និងរុស្ស៊ី។
ចំណាត់ការរបស់លោក Yoon ហាក់ដូចជាបានធ្វើរដ្ឋបាលរបស់លោក Biden ស្រឡាំងកាំង។ អំឡុងពេលធ្វើជាម្ចាស់ផ្ទះទទួលលោក Yoon នៅសេតវិមាន ក្នុងខែមេសា ឆ្នាំ២០២៣ លោក Biden បានប្រាប់លោកថា ឥស្សរជនទាំង២ «យល់ថា លទ្ធិប្រជាធិបតេយ្យរបស់យើង និងប្រជាជនរបស់យើង គឺជាប្រភពនៃកម្លាំងដ៏អស្ចារ្យបំផុតរបស់យើង»៕