ប្រធានផ្នែកជំនួយរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារ បានបញ្ចេញថវិកាចំនួន ៥លានដុល្លារអាមេរិក ជាជំនួយសង្គ្រោះបន្ទាន់ ដើម្បីគាំទ្រដល់ការឆ្លើយតបផ្នែកមនុស្សធម៌ សម្រាប់ជនភៀសខ្លួនស៊ូដង់ នៅប្រទេសឆាដ ដែលនៅជិតខាង។
ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាននិយាយថា លោក Tom Fletcher អគ្គលេខាធិការរង និងជាអ្នកសម្របសម្រួលជំនួយសង្គ្រោះបន្ទាន់ បានធ្វើការបែងចែកមូលនិធិឆ្លើយតបគ្រោះអាសន្នដ៏សំខាន់បំផុតរបស់អង្គការសហប្រជាជាតិ។
OCHA បាននិយាយថា៖«ការផ្តល់មូលនិធិថ្មី នឹងគាំទ្រដល់បណ្តាទីភ្នាក់ងាររបស់UN និងដៃគូរបស់ពួកគេក្នុងការផ្តល់ជំនួយមនុស្សធម៌ រួមទាំងការថែទាំសុខភាព ទឹក អាហារ និងទីជម្រក ដល់ទាំងជនភៀសខ្លួនស៊ូដង់ និងសហគមន៍ដែលផ្តល់ការស្នាក់អាស្រ័យដល់ពួកគេ នៅក្នុងប្រទេសឆាដ»។
ការិយាល័យនេះ បានអះអាងថា បន្ទាប់ពីការកើនឡើងនៃការប្រយុទ្ធគ្នា នៅក្នុងតំបន់ Darfur ភាគខាងលិចនៃប្រទេសស៊ូដង់ ចំនួនមនុស្សភៀសខ្លួនពីស៊ូដង់ ទៅកាន់ប្រទេសឆាដ បានកើនឡើង នៅក្នុងខែកញ្ញា និងខែតុលា ដោយមានជនភៀសខ្លួនថ្មីជាង ៧0.០០០នាក់។
OCHA បាននិយាយថា ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះនៅក្នុងប្រទេសស៊ូដង់ ក្នុងខែមេសា ឆ្នាំ ២០២៣ មនុស្សជាង ៧០០.000 នាក់ បានភៀសខ្លួន ទៅកាន់ប្រទេសឆាដ។
នៅក្នុងប្រទេសស៊ូដង់ អ្នកស្រី Clementine Nkweta-Salami ដែលជាអ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិ និងអ្នកសម្របសម្រួលមនុស្សធម៌ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះរបាយការណ៍នៃការបាញ់ផ្លោង នៅក្នុង និងជុំវិញជំរំ Zamzam នៅជិតទីក្រុង El Fasher នៅភាគខាងលិចប្រទេសស៊ូដង់។