មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) កាលពីថ្ងៃអង្គារ បានអនុម័តសេចក្តីសម្រេចចំនួនពីរដែលស្នើឱ្យអ៊ីស្រាអែលដកកងទ័ពចេញពីដែនដីកាន់កាប់ប៉ាឡេស្ទីន និងតំបន់កាន់កាប់ Golan របស់ស៊ីរី ដោយបញ្ជាក់ឡើងវិញនូវដំណោះស្រាយរដ្ឋពីរ ថាជាមធ្យោបាយតែមួយគត់ឆ្ពោះទៅរកសន្តិភាពយូរអង្វែង នៅតំបន់មជ្ឈិមបូព៌ា។
នៅក្នុងសេចក្តីសម្រេចមួយ ដែលត្រូវបានអនុម័តដោយសំឡេងគាំទ្រ១៥៧សំឡេង ៨សំឡេង ប្រឆាំង និង៧សំឡេងអនុប្បវាទ អង្គមហាសន្និបាតបានទាមទារឱ្យអ៊ីស្រាអែល បញ្ឈប់រាល់សកម្មភាពតាំងទីលំនៅទាំងអស់ និងជម្លៀសអ្នកតាំងលំនៅចេញពីដែនដីប៉ាឡេស្ទីន ដែលចូលកាន់កាប់។
ឯកសារនេះ បានបង្ហាញនូវ «ការគាំទ្រឥតងាករេ ស្របតាមច្បាប់អន្តរជាតិ សម្រាប់ដំណោះស្រាយរដ្ឋពីររបស់អ៊ីស្រាអែល និងប៉ាឡេស្ទីន» ដោយសង្កត់ធ្ងន់លើតម្រូវការក្នុងការប្តេជ្ញាចិត្តបន្ទាន់ចំពោះដំណើរការសន្តិភាពនៅតំបន់មជ្ឈិមបូព៌ា។
មហាសន្និបាត ក៏បានអនុម័តសេចក្តីសម្រេចមួយផ្សេងទៀតដែលប្រកាសថា អ៊ីស្រាអែល ពុំបានអនុវត្តតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ លេខ៤៩៧ នៃឆ្នាំ១៩៨១ ហើយសិទ្ធអំណាចរបស់ខ្លួនដែលបានដាក់លើតំបន់ Golan របស់ប្រទេសស៊ីរី គឺទុកជាមោឃៈ។ សេចក្តីសម្រេចនេះ បានជំរុញឱ្យអ៊ីស្រាអែល ចាប់ផ្តើមការចរចាឡើងវិញ ហើយឱ្យដកកងទ័ពចេញពីតំបន់ Golan ដែលកាន់កាប់ទាំងអស់ នៅប្រទេសស៊ីរី។
ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ លោក Philemon Yang បាននិយាយនៅក្នុងកិច្ចប្រជុំថា «សន្តិភាព និងសន្តិសុខ នឹងពុំអាចសម្រេចបានតាមរយៈការប្រើកម្លាំង ឬចូលកាន់កាប់នោះទេ»។ ដំណោះស្រាយរដ្ឋពីរ គឺជាមធ្យោបាយតែមួយគត់ ឆ្ពោះទៅរកសន្តិភាពយូរអង្វែងនៅមជ្ឈិមបូព៌ា។