ក្រុមហ៊ួទីនៅប្រទេសយេម៉ែន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា ពួកគេ បានធ្វើប្រតិបត្តិការយោធារួមគ្នាចំនួនបី ជាមួយក្រុមតស៊ូអ៊ីរ៉ាក់ ដែលកំណត់គោលដៅលើអ៊ីស្រាអែល ក្នុងរយៈពេល ៤៨ម៉ោង កន្លងទៅនេះ។
អ្នកនាំពាក្យយោធាហ៊ួទីលោក Yahya Sarea បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍ថា៖« "យើងបានធ្វើប្រតិបត្តិការចំនួនពីរ ដោយកំណត់គោលដៅលើទីតាំងឈរជើងអ៊ីស្រាអែលចំនួនពីរ នៅភាគខាងជើងប៉ាឡេស្ទីន (ភាគខាងជើងអ៊ីស្រាអែល) ជាមួយនឹងយានដ្រូនជាច្រើនគ្រឿង»។
លោកបាននិយាយថា៖«ប្រតិបត្តិការទី៣ បានកំណត់គោលដៅសំខាន់មួយ នៅក្នុងតំបន់ Umm al-Rashrash (Eilat) នៅភាគខាងត្បូងប៉ាឡេស្ទីន (ភាគខាងត្បូងអ៊ីស្រាអែល) ជាមួយនឹងយានដ្រូនជាច្រើនគ្រឿង ដោយពុំបានបញ្ជាក់ពីគោលដៅទេ។ លោកក៏បានប្តេជ្ញាថា នឹងបើកការវាយប្រហារបន្ថែមទៀត ប្រសិនបើ«ការឈ្លានពានលើតំបន់ហ្កាហ្សា មិនត្រូវបានបញ្ចប់ទេនោះ»។
រហូតមកទល់ពេលនេះ អ៊ីស្រាអែលមិនបានធ្វើអត្ថាធិប្បាយអំពីការវាយប្រហារនេះទេ។
ក្រុមហ៊ួទីដែលគ្រប់គ្រងភាគច្រើននៃភាគខាងជើងប្រទេសយេម៉ែន បាននិងកំពុងវាយប្រហារដោយរ៉ូកែត និងយានដ្រូនទៅកាន់ទីក្រុងនានារបស់អ៊ីស្រាអែល ហើយបានរំខានការដឹកជញ្ជូនដែលពាក់ព័ន្ធនឹងអ៊ីស្រាអែល» នៅក្នុងសមុទ្រក្រហម ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២៣ ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា ស្របពេលជម្លោះដែលកំពុងបន្តជាមួយអ៊ីស្រាអែល។