ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀល ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤នេះ បានរៀបចំពិធីបដិសណ្ឋារកិច្ច នៅវិមានសន្តិភាព ដើម្បីស្វាគមន៍ចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់ លោកបណ្ឌិត សនសៃ ស៉ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ និងលោកជំទាវ មកកាន់ប្រទេសកម្ពុជា។
បន្ទាប់ពីពិធីបដិសណ្ឋារកិច្ចនេះ សម្ដេចធិបតី នាយករដ្ឋមន្រ្តីកម្ពុជា និងឯកឧត្តមនាយករដ្ឋមន្រ្ដីឡាវក៏មានជំនួបទ្វេភាគី ដែលជាការពិភាក្សាយ៉ាងស៊ីជម្រៅបន្ថែមទៀតលើ ការពង្រឹងទំនាក់ទំនងដ៏កក់ក្តៅ និងពង្រីកកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍រវាង ប្រទេសទាំងពីរ ដោយផ្អែកលើស្មារតីភាពជាអ្នកជិតខាងដ៏ល្អ មិត្តភាពជាប្រពៃណី និងភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង។
ក្នុងជំនួបនេះនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ដែលមានផលប្រយោជន៍រួមផងដែរ។ ថ្នាក់ដឹកនាំទាំងពីរក៏បានអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួនផងដែរ
សូមបញ្ជាក់ថា ឯកឧត្តមនាយករដ្ឋមន្រ្តីឡាវ និងលោកជំទាវ បានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី ០៤-០៥ ខែធ្នូ ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕













