យោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង , Kim Yong Hyun បានសុំទោសការអភ័យពីពលរដ្ឋចំពោះការប្រកាសច្បាប់អាជ្ញាសឹក នៅក្នុងប្រទេស ហើយបានលាលែងពីតំណែង។
មុននេះ គណបក្សប្រឆាំងឈានមុខគេរបស់កូរ៉េខាងត្បូង គឺគណបក្សប្រជាធិបតេយ្យ (DPK) បានដាក់សំណើទៅស្ថាប័នសភាពាក់ព័ន្ធ ដើម្បីចោទប្រកាន់លោក។
យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា លោក Kim Yong Hyun បានផ្តល់អនុសាសន៍ដល់លោកប្រធានាធិបតី ឲ្យប្រកាសច្បាប់អាជ្ញាសឹក។
កាលល្ងាចថ្ងៃទី ០៣ ខែធ្នូ ប្រធានាធិបតីកូរ៉េខាងត្បូង យូន សុក យ៉ូល (Yoon Suk Yeol) បានប្រកាសដាក់ប្រើប្រាស់ច្បាប់អាជ្ញាសឹក។ ប៉ុន្មានម៉ោងក្រោយមក សភាបានបោះឆ្នោតដកច្បាប់នោះចេញ។ ក្រោយមក នៅពេលដែលមេដឹកនាំរូបនេះ បានសន្យាថា នឹងផ្លាស់ប្តូរការសម្រេចចិត្តរបស់ខ្លួន គណៈរដ្ឋមន្ត្រី បានគាំទ្រលោក។ ទាំងអស់នេះ បានកើតឡើងក្នុងរយៈពេលតិចជាង ៦ម៉ោង។ ប្រទេសកូរ៉េខាងត្បូង មិនស្ថិតនៅក្រោមច្បាប់អាជ្ញាសឹក អស់រយៈពេល ៤៥ឆ្នាំ មកហើយ។
នៅថ្ងៃទី៤ ខែធ្នូនេះ ក្រុមប្រឆាំងបានផ្តួចផ្តើមដំណើរការចោទប្រកាន់ប្រធានាធិបតីកូរ៉េខាងត្បូង។ ការបោះឆ្នោតពាក់ព័ន្ធ ត្រូវបានគេរំពឹងទុក ក្នុងសប្តាហ៍នេះ។