រុស្ស៊ីនិយាយនៅថ្ងៃពុធនេះថា ពួកគេគាំទ្រយ៉ាងខ្លាំងក្លាចំពោះចំណាត់ការរបស់ថ្នាក់ដឹកនាំស៊ីរី ដើម្បីតបតការវាយប្រហាររបស់ក្រុមភេរវកម្មដែលទទួលបានជំនួយពីក្រៅប្រទេស រួមទាំងយានដ្រូន និងការបណ្តុះបណ្តាល ។
អ្នកស្រី Maria Zakharova គឺជាអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា ពួកយើងសូមធ្វើការថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារមួយនេះ គ្មានមន្ទិលសង្ស័យនោះទេថាពួកគេមិនហ៊ានប្រព្រឹត្តទង្វើដ៏ព្រហើនបែបនេះឡើយ បើគ្មានការញុះញង់ និងការគាំទ្រទូលំទូលាយពីកម្លាំងខាងក្រៅដែលព្យាយាមបង្កជុំថ្មីនៃការប្រឈមប្រដាប់អាវុធនៅក្នុងប្រទេស ។
រុស្ស៊ីគឺជាសម្ព័ន្ធមិត្តសំខាន់របស់ប្រធានាធិបតីស៊ីរីលោក Bashar al-Assad ហើយនិងបានផ្តល់ឲ្យលោកនូវការគាំទ្រផ្នែកយោធា ចាប់តាំងពីឆ្នាំ ២០១៥រហូតមក នៅក្នុងសង្រ្គាមស៊ីវិលស៊ីរី ។
អ្នកស្រី Zakharova និយាយថា ពួកយើងសូមបង្ហាញសាមគ្គីភាពជាមួយថ្នាក់ដឹកនាំស៊ីរី ។ ពួកយើងគាំទ្រខ្លាំងក្លាកិច្ចខិតខំរបស់ក្រុមអាជ្ញាធរស៊ីរី ក្នុងការតបតជាមួយក្រុមភេរវកម្ម ហើយនិងស្តាសណ្តាប់ធម្មនុញ្ញឡើងវិញ ។
អ្នកស្រីនិយាយដោយពុំបានភស្តុតាងថា ក្រុមឧទ្ទាមដែលរួមទាំងអ្នកមកពីអតីតប្រទេសសហភាពសូវៀត បានទទួលយានដ្រូនពីអ៊ុយក្រែន និងការហ្វឹកហាត់ពីវិធីប្រើប្រាស់វា ៕