រយៈពេល ២ខែក្រោយភ្លៀងធ្លាក់ខ្លាំងបង្កឲ្យមានទឹកជំនន់ និងបំណាក់ដីដែលបានវាយប្រហារភូមិ Donja Jablanica របស់បូស្នី ស្ថិតនៅចម្ងាយ ៧០គ.មភាគនិរតីទីក្រុង Sarajevo ក្រុមអ្នកភូមិនៅតែរង់ចាំជំនួយពីរដ្ឋាភិបាល ។
គ្រោះមហន្តរាយធម្មជាតិនេះ បានបង្កទុក្ខវេទនាដល់ពលរដ្ឋរស់នៅក្នុងប្រទេសតំបន់បាល់កង់មួយនេះ ដែលរដ្ឋាភិបាលរបស់ពួកគេ ពិបាកឆ្លើយតប ។ ក្រុមអ្នកភូមិនិយាយថា ពួកគេពឹងផ្អែកលើតែការបរិច្ចាគសប្បុរសធម៌ក្នុងស្រុកប៉ុណ្ណោះ ។
លោក Esad Begovic វ័យ ៧២ឆ្នាំ ខណៈពេលបោសសម្អាតភក់ និងកម្ទេចកម្ទីចេញពីផ្ទះរបស់លោក និយាយថា ពួកយើងពិតជាពុំទទួលបានអ្វីណាមួយពីរដ្ឋាភិបាលនោះឡើយ គឺគ្មានអ្វីសោះតែម្តង ។
លោកថា ជំនួយមួយគត់មកដល់គឺអង្គការសប្បុរសធម៌ Pomozi.ba ដែលប្រមូលការបរិច្ចាគ និងផ្តល់ជាចំណីអាហារ សម្លៀកបំពាក់ និងគ្រឿងបរិក្ខាប្រើប្រាស់ ។
មនុស្ស ២៧នាក់ បានសម្លាប់ដោយសារទឹកជំនន់នៅទូទាំងប្រទេសបូស្នី ក្នុងនោះមនុស្ស ១៩នាក់ បានស្លាប់នៅក្នុងភូមិរបស់លោក Begovic ។
ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលក្នុងស្រុកនៅតំបន់ Herzegovina-Neretva ជាទីដែលទឹកជំនន់បង្កការខូចខាតធ្ងន់ធ្ងរជាងគេនោះ និយាយថា ពួកគេបានបញ្ជូនមូលនិធិដល់សហគមន៍ក្នុងស្រុក និងបានផ្តល់ជំនួយ ១,៨៣លានដុល្លារ ដើម្បីជួសជុលផ្លូវថ្នល់ ៕


