ការខកចិត្តជាសាធារណៈ ចំពោះបញ្ហាសេដ្ឋកិច្ចរបស់ប្រទេសហ្កាណា ក្នុងនោះរួមទាំងការចំណាយខ្ពស់ និងកង្វះខាតការងារ បានគ្របដណ្ដប់លើរយៈពេលមុនទៅដល់ថ្ងៃបោះឆ្នោតសកល នាថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ដែលទំនងជានឹងធ្វើតេស្តអត្តសញ្ញាណលទ្ធិប្រជាធិបតេយ្យដ៏យូរអង្វែងរបស់ប្រទេសនេះ។
ការគាំទ្រ ចំពោះប្រធានាធិបតីជិតផុតអាណត្តិ លោក Nana Akufo-Addo និងគណបក្សកំពុងកាន់អំណាចរបស់លោក គឺ New Patriotic Party (NPP) បានធ្លាក់ចុះនៅក្នុងអាណត្តិទី២ របស់លោក ចំពេលប្រទេសអាហ្វ្រិកខាងលិចមួយនេះ មានវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុត មួយជំនាន់ រួមនឹងការមានការតវ៉ាពីតម្លៃនៃការរស់នៅ និងភាពចលាចល នៅក្នុងឧស្សាហកម្មកាកាវ និងមាសដ៏សំខាន់របស់ខ្លួន។
ការស្ទង់មតិបង្ហាញថា ជាការពិតណាស់ ការទាមទារយ៉ាងខ្លាំងក្លាឲ្យមានការផ្លាស់ប្តូរ បានធ្វើឲ្យការប្រកួតប្រជែងតំណែងប្រធានាធិបតី និងជ្រើសរើសសមាជិកសភានេះ ក្លាយជាការមានប្រៀបរបស់មេដឹកនាំប្រឆាំង លោក John Dramani Mahama និងគណបក្សសមាជប្រជាធិបតេយ្យជាតិ (NDC) របស់លោក ទោះបីជាការអត់ធ្មត់របស់អ្នកបោះឆ្នោត ចំពោះដំណើរការនយោបាយ មានកម្រិតទាបក៏ដោយ។
និស្សិតបញ្ចប់ថ្នាក់វិទ្យាល័យ ឈ្មោះ Emmanuel Kwaku Jr វ័យ ១៨ឆ្នាំ ដែលនឹងត្រូវបោះឆ្នោតជាលើកដំបូងនោះ បាននិយាយថា៖ «ប្រទេសនេះត្រូវបានធ្វើឲ្យវិនាស។ ខ្ញុំនឹងបោះឆ្នោត ប៉ុន្តែខ្ញុំគិតថា វានឹងមិនផ្លាស់ប្តូរអ្វីឡើយ»។
ការស្ទង់មតិ នៅខែតុលា ដោយក្រុមស្រាវជ្រាវ Afrobarometer របស់អាហ្វ្រិក បានរកឃើញថា ៨២ភាគរយនៃប្រជាជនហ្គាណា មានអារម្មណ៍ថា ប្រទេសនេះកំពុងឆ្ពោះទៅរកទិសដៅខុស ហើយតិចជាងពាក់កណ្តាល បានរំពឹងថា នឹងមានការផ្លាស់ប្តូរកាន់តែប្រសើរឡើង នៅឆ្នាំបន្ទាប់៕


