ប្លុកពាណិជ្ជកម្ម Mercosur របស់អាមេរិកខាងត្បូង នឹងជួបប្រជុំគ្នា នៅប្រទេសអ៊ុយរូហ្គាយ នាថ្ងៃព្រហស្បតិ៍ (ទី៥ ខែធ្នូ) ដោយមានឱកាសខ្ពស់ដែលក្រុមនេះអាចប្រើប្រាស់ព្រឹត្តិការណ៍នេះ ដើម្បីប្រកាសកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលពន្យារពេលជាយូរមកហើយជាមួយសហភាពអឺរ៉ុប (EU) បន្ទាប់ពីមានការចរចា នៅនាទីចុងក្រោយ ដើម្បីឲ្យកិច្ចព្រមព្រៀងនេះសម្រេចបាន នៅទីបំផុត។
កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលគាំទ្រដោយប្រទេសភាគច្រើននៃតំបន់អាមេរិកខាងត្បូង និងត្រូវបានជំរុញដោយប្រទេសអាល្លឺម៉ង់ និងអេស្ប៉ាញនោះ បានជួបប្រទះនឹងការប្រឆាំងយ៉ាងខ្លាំងក្លាពីប្រទេសបារាំង ដោយសារតែក្ដីបារម្ភ អំពីការនាំចូលកសិកម្មទៅកាន់អឺរ៉ុប ដែលនឹងប៉ះពាល់ដល់វិស័យកសិកម្មដ៏មានឥទ្ធិពលរបស់ប្រទេស។
ប្រភពការទូតជាន់ខ្ពស់ និងរដ្ឋាភិបាល បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា បណ្ដាអ្នកចរចាមកពីគ្រប់ភាគី បានមកជួបជុំគ្នាក្នុងប្រទេសប្រេស៊ីល កាលពីសប្តាហ៍មុន ដោយផែនការដែលគណៈប្រតិភូអាចធ្វើដំណើរទៅទីក្រុង Montevideo ត្រូវបានត្រៀមទុក ប្រសិនបើកិច្ចព្រមព្រៀងត្រូវបានបញ្ចប់សព្វគ្រប់ អំឡុងកិច្ចពិភាក្សាតាមអនឡាញ ដែលកំពុងបន្តមាននៅសប្តាហ៍នេះ។
ប្រភពចំនួន ២ ពីអ៊ឺរ៉ុប បាននិយាយថា កិច្ចព្រមព្រៀងនោះអាចនឹងឃើញប្រមុខគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen ធ្វើដំណើរទៅកិច្ចប្រជុំកំពូល នាថ្ងៃទី ៥-៦ ខែធ្នូ នៅរដ្ឋធានីរបស់អ៊ុយរូហ្គាយ បើទោះបីជាមនុស្សភាគច្រើន បានព្រមានថា គ្មានអ្វីដែលទំនងជាត្រូវបានចុះហត្ថលេខាក៏ដោយ។ ប្រភពមួយ បានប្រាប់ថា ប្រមុខ EU បានកក់សំបុត្រយន្តហោះត្រៀមទុកហើយ៕