តាកែវ៖ នៅព្រឹកនេះឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានបន្តចុះបេសកកម្មពិនិត្យស្ថានភាពផ្លូវជនបទមួយចំនួនស្ថិតក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ដែលបានរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀងនាពេលថ្មីៗកន្លងទៅ។
តាមការវាយតម្លៃរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ផ្លូវជនបទចំនួន ១៧ខ្សែបានរងផលប៉ះពាល់ ហើយក្នុងនោះផ្លូវចំនួន ២ខ្សែរងកាតខូចខាតខ្លាំងជាងគេដែលទាមទារជួលជុលជាបន្ទាន់។ ផ្លូវទី១ ជាផ្លូវក្រាលគ្រួសក្រហមប្រវែង ១១២០០ម៉ែត្រ ចាប់ពីផ្លូវឯកឧត្ដម ចាន់សារ៉ុន កាត់តាមផ្លូវជាតិលេខ៤១ និងស្ពានមួយកន្លែងប្រវែង ៣០ម៉ែត្រ ស្ថិតក្នុងឃុំអូស្វាយ ស្រុកត្រាំកក់ ទទួលរងការហូរច្រោះដោយទឹកជំនន់បណ្ដាលឲ្យរលំជើងទម្រស្ពាន ដែលបង្កហានិភ័យខ្ពស់ចំពោះចរាចរ។
ផ្លូវមួយខ្សែទៀតក្រាលគ្រួសក្រហម ចេញពីមឿងចារអង្គរកា ទៅផ្សារអង្គរកា មានប្រវែង ១៣ ៧០០ម៉ែត្រ កាត់តាមឃុំពពែល ឃុំជាងទង ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ។ ផ្លូវទាំង២ ខ្សែនេះគឺជាបណ្ដាញតភ្ជាប់ចរន្តសេដ្ឋកិច្ចក្នុងមូលដ្ឋានយ៉ាងសំខាន់ សម្រាប់បងប្អូនប្រជាពលរដ្ឋជាច្រើនឃុំនៃស្រុកត្រាំកក់ខេត្តតាកែវ៕
អត្ថបទ៖ ចេន សុជាតា









