
ភ្នំពេញ៖ នៅក្នុងរយៈពេលកន្លងមកនេះ ជាពិសេស នៅក្នុងយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងព្រហ្មទណ្ឌ នៅតាមសាលាដំបូងរាជធានី/ខេត្ត ក្រសួងយុត្តិធម៌បានពិនិត្យឃើញថា សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី/ខេត្តទាំងអស់ បានខិតខំប្រឹងប្រែងចាត់ការសំណុំរឿងព្រហ្មទណ្ឌ ដែលក្នុងនោះ ភាគច្រើនជាសំណុំរឿងពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនបានយ៉ាងឆាប់រហ័ស និងជាច្រើនករណីស្របតាមនីតិវិធី នៃច្បាប់ជាធរមាន។
ប៉ុន្តែទន្ទឹមនេះក្រសួងយុត្តិធម៌ ក៏បានពិនិត្យឃើញផងដែរថា ការកោះហៅឱ្យចូលរួម និងការស្តាប់ចម្លើយមន្ត្រីនគរបាល ឬភ្នាក់ងារនគរបាលយុត្តិធម៌ ក្នុងឋានៈជាសាក្សី នៅក្នុងនីតិវិធីស៊ើបសួរ និងការជំនុំជម្រះ របស់តុលាការនៅក្នុងសំណុំរឿងពាក់ព័ន្ធនឹងបទល្មើ សគ្រឿងញៀនមួយចំនួន នៅមិនទាន់បានអនុវត្តឱ្យបានត្រឹមត្រូវស្របតាមនីតិវិធីច្បាប់ ដែលមានចែងក្នុងមាត្រា ៧៤ កថាខណ្ឌទី១ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ដែលចែងថា ក្នុងនីតិវិធីនៃការស៊ើបសួរ និងការជំនុំជម្រះ, តុលាការត្រូវកោះហៅ និងស្តាប់ចម្លើយមន្ត្រីនគរបាល ឬភ្នាក់ងារនគរបា លយុត្តិធម៌ ដែលបានចូលរួមក្នុងការស៊ើបអង្កេត និងស៊ើបសួរ ក្នុងឋានៈជាសាក្សី។ នេះបើតាមលិខិត របស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជម្រាបទៅប្រធានសាលាដំបូងរាជធានី/ខេត្ត ចេញនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១។
ប្រភពដដែលបញ្ជាក់បន្ថែមថា វត្តមានចូលរួមរបស់នគរបាលយុត្តិធម៌ ក្នុងឋានៈជាសាក្សី នៅក្នុងដំណើរការនីតិវិធីរបស់តុលាការចំពោះចំណាត់ការសំណុំរឿងពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនតាមមាត្រា៧៤នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនគឺមិនត្រឹមតែជាការបំពេញនូវលក្ខខណ្ឌផ្នែកនីតីវិធីដែលកំណត់ដោយច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែក៏មានសារៈសំខាន់ និងមានភាពចាំបាច់ក្នុងការធានាសុក្រឹតភាព នៃការស្វែងរកការពិត, ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ក៏ដូចជាធានាបាននូវចំណាត់ការរឿងក្តីប្រកប ដោយភាពត្រឹមត្រូវស្របតាមច្បាប់ផងដែរ៕ ដោយ៖ គង់ ឌិន
