ម្ចាស់រង្វាន់ណូបែលសន្តិភាពជនជាតិអ៊ីរ៉ង់ លោកស្រី Narges Mohammadi ត្រូវបានដោះលែងពីពន្ធនាគារ Evin បន្ទាប់ពីព្យួរការអនុវត្តទោសជាប់ពន្ធនាគាររបស់លោកស្រី ដើម្បីទទួលការព្យាបាលវេជ្ជសាស្ត្រ។ នេះបើតាមការឲ្យដឹងពីស្វាមីរបស់លោកស្រី គឺលោក Taqi Rahmani ដែលបានប្រាប់សារព័ត៌មានរ៉យទ័រ នៅថ្ងៃពុធនេះ។
គួររំលឹកថា លោកស្រី Mohammadi កំពុងអនុវត្តទោសជាច្រើនករណី នៅក្នុងពន្ធនាគារដ៏ល្បីល្បាញ Evin របស់ទីក្រុងតេអេរ៉ង់ ជុំវិញការចោទប្រកាន់នានា ក្នុងនោះរួមទាំងការផ្សព្វផ្សាយការឃោសនាប្រឆាំងនឹងសាធារណរដ្ឋអ៊ិស្លាមផងដែរ។
នៅលើបណ្ដាញសង្គម X នៅថ្ងៃពុធនេះ មេធាវីរបស់លោកស្រី ឈ្មោះ Mostafa Nili បានឲ្យដឹងថា៖ «ផ្អែកលើគំនិតរបស់វេជ្ជបណ្ឌិតផ្នែកកោសល្យវិច័យ ការិយាល័យរបស់រដ្ឋអាជ្ញានៃទីក្រុងតេអេរ៉ង់ បានព្យួរការកាត់ទោសជាប់ពន្ធនាគាររបស់លោកស្រី Narges Mohammadi រយៈពេល ៣សប្តាហ៍ ហើយលោកស្រីត្រូវបានដោះលែងពីពន្ធនាគារ»។
សូមបញ្ជាក់បន្ថែមថា លោកស្រី Mohammadi បានទទួលរង្វាន់ណូបែលសន្តិភាព ក្នុងឆ្នាំ២០២៣ បន្ទាប់ពីបានធ្វើយុទ្ធនាការរយៈពេល ៣ទសវត្សរ៍ ដើម្បីទាមទារសិទ្ធិស្ត្រី និងការលុបបំបាត់ទោសប្រហារជីវិត នៅប្រទេសអ៊ីរ៉ង់៕