នៅថ្ងៃពុធនេះ ពលរដ្ឋលីបង់រស់នៅក្នុងទីក្រុងបេរូត បានបង្ហាញសុទិដ្ឋិនិយមរបស់ពួកគេចំពោះស្ថានភាពជម្លោះ បើទោះបីជាមានការបំពានបទឈប់បាញ់កាលពីពេលថ្មីៗនេះក៏ដោយ រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ។
លោក Ghada គឺជាពលរដ្ឋលីបង់មួយរូប និយាយថា ខ្ញុំប្រាកដ ៩០ភាគរយ ថាបទឈប់បាញ់នឹងមានជាយូរអង្វែង ។
រីឯលោក Ahmad Issawi គឺជាពលរដ្ឋលីបង់មួយរូបទៀត មានសុទិដ្ឋិនិយមផងដែរថា ការបំពានបទឈប់បាញ់នឹងបញ្ចប់ក្នុងពេលដ៏ខ្លីខាងមុខនេះ ។
លោកថា តាមបំណងព្រះ អ្វីៗនឹងល្អប្រសើរឡើង ដោយសារគ្មាននរណាម្នាក់ទទួលបានអត្ថប្រយោជន៍ពីការបន្តសង្រ្គាមមួយនេះឡើយ មិនថាអ៊ីស្រាអែល ឬលីបង់ ដូច្នេះហើយសង្រ្គាមនឹងបញ្ចប់ វានឹងមិនបន្តនោះទេ ។
កាលពីថ្ងៃអង្គារម្សិលមិញ អ៊ីស្រាអែល បានគំរាមថានឹងវិលត្រឡប់មកធ្វើសង្រ្គាមវិញនៅក្នុងប្រទេសលីបង់ បើសិនជាដួលរលំបទឈប់បាញ់ជាមួយក្រុមហេសបូឡា ហើយពួកគេនិយាយថា លើកនេះ ពួកគេនឹងចូលកាន់តែជ្រៅនៅក្នុងប្រទេសលីបង់ និងវាយប្រហារគោលដៅរបស់រដ្ឋមួយនេះ ក្រោយថ្ងៃស្លាប់មនុស្សច្រើនបំផុត ចាប់តាំងពីបទឈប់បាញ់ឈានដល់កាលពីសប្តាហ៍មុន ។
នៅក្នុងការគំរាមខ្លាំងៗបំផុតរបស់ខ្លួន ចាប់តាំងពីបទឈប់បាញ់ឈានដល់ដើម្បីបញ្ចប់សង្រ្គាមរយៈពេល ១៤ខែជាមួយក្រុមហេសបូឡា អ៊ីស្រាអែល និយាយថា ពួកគេនឹងឲ្យលីបង់ទទួលខុសត្រូវចំពោះការមិនអាចទម្លាក់អាវុធរបស់ក្រុមជីវពល ដែលបានបំពានបទឈប់បាញ់ ។
បើទោះបីជាមានបទឈប់បាញ់កាលពីសប្តាហ៍មុនក៏ដោយ កងកម្លាំងអ៊ីស្រាអែល នៅតែបន្តការវាយប្រហាររបស់ខ្លួនលើអ្វីដែលពួកគេនិយាយថា ក្រុមសកម្មប្រយុទ្ធហេសបូឡា ពុំបានអើពើនឹងកិច្ចព្រមព្រៀងបញ្ឈប់ការវាយប្រហារ និងការដកទ័ពចេញពីទន្លេ Litani ដែលមានចម្ងាយប្រហែល ៣០គ.មពីព្រំដែន ។
កាលពីថ្ងៃចន្ទ ក្រោមហេសបូឡា បានផ្លោងគ្រាប់កាំភ្លើងធំលើប៉ុស្តិ៍យោធាអ៊ីស្រាអែល ខណៈក្រុមអាជ្ញាធរលីបង់និយាយថា មនុស្សយ៉ាងហោច ១២នាក់ ត្រូវបានសម្លាប់ដោយសារការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែលនៅលីបង់ ៕