សមាជិកសភាបារាំងសុទ្ធតែមានភាពប្រាកដប្រជាក្នុងការបណ្តេញរដ្ឋាភិបាលតាមរយៈញ្ញត្តិបោះឆ្នោតដកសេចក្ដីទុកចិត្ត កាលពីថ្ងៃពុធទី ៤ខែធ្នូ សប្ដាហ៍នេះ ដោយច្រានមហាអំណាចសេដ្ឋកិច្ចធំបំផុតទីពីររបស់តំបន់ចាយប្រាក់អឺរ៉ូ មួយនេះ ធ្លាក់ចូលកាន់តែជ្រៅក្នុងភាពចលាចលខាងនយោបាយ។

ដោយរារាំងការភ្ញាក់ផ្អើលនៅនាទីចុងក្រោយ រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី មីហ្សែល បានីញ៉េ (Michel Barnier) បានក្លាយរដ្ឋាភិបាលដំបូងគេរបស់ប្រទេសបារាំង ដែលត្រូវបានបណ្ដេញចេញដោយបង្ខំតាមរយៈការបោះឆ្នោតដកសេចក្ដីទុកចិត្តក្នុងរយៈពេលជាង៦០ ឆ្នាំ នៅពេលដែលប្រទេសនេះកំពុងប្រឹងប្រែងកាត់បន្ថយឱនភាពថវិកាដ៏ច្រើន។

គូប្រជែងរបស់លោក Macron គឺ លោកស្រីម៉ារីន ឡឺប៉ែន (Marine Le Pen) ដែលដឹកនាំគណបក្សស្តាំនិយមជ្រុល National Rally (RN) នៅសភាបានរិះគន់កញ្ចប់ថវិកានេះថាជាការចាប់ប្រជាជនបារាំងធ្វើជាចំណាប់ខ្មាំង និងដាក់ទណ្ឌកម្មចំពោះប្រជាជនបារាំងងាយរងគ្រោះបំផុតដែលត្រូវបានបិទខ្ទប់ការផ្ដល់ជំនួយផ្នែកសង្គម។

សេចក្តីព្រាងថវិការបស់លោកបានីញ៉េ ដែលបានធ្វើឱ្យមានការខឹងសម្បារពីក្រុមឆ្វេង និងស្តាំនិយម ជ្រុលនោះ បានព្យាយាមកាត់បន្ថយឱនភាពសារពើពន្ធ ដែលត្រូវបានព្យាករណ៍ថានឹងលើសពី ៦% នៃទិន្នផលជាតិនៅឆ្នាំនេះ ជាមួយនឹងការដំឡើងការប្រមូលពន្ធដល់ទៅ ៦០ ពាន់លានអឺរ៉ូ ។ សេចក្តីព្រាងថវិកានេះដែរ បានព្យាយាមកាត់បន្ថយឱនភាពចុះមកត្រឹម ៥% នៅឆ្នាំក្រោយ។
ចំណែកក្រុមគូប្រជែងរបស់លោកស្រី ឡឺប៉ែន វិញ បានចោទប្រកាន់គណបក្ស RN ថាបានបង្កឱ្យមានភាពវឹកវរមិនចាំបាច់ ផ្ដួចផ្ដើមរុញឲ្យមានការផ្តួលរំលំលោកបានីញ៉េ៕