គណបក្សឆ្វេងនិយមបារាំង France Unbowed (LFI) បានទាមទារឱ្យលោកប្រធានាធិបតី Emmanuel Macron ចុះចេញពីតំណែងប៉ុន្មាននាទីបន្ទាប់ពីរដ្ឋាភិបាលរបស់លោកដឹកនាំដោយនាយករដ្ឋមន្ត្រីមីហ្សែលបានីញ៉េ (Michel Barnier) បានដួលរលំតាមរយៈការបោះឆ្នោតដកសេចក្ដីទុកចិត្តដែលត្រូវបានអនុម័តដោយសមាជិកសភាគណបក្សប្រឆាំងនៅក្នុងរដ្ឋសភាកាលពីថ្ងៃពុធថ្ងៃទី ៤ធ្នូសប្ដាហ៍នេះ។

មេដឹកនាំសភារបស់គណបក្ស LFI លោក ម៉ាធៀលឌឺ ផាណូត (Mathilde Panot) បាននិយាយថា ថ្ងៃនេះ តាមរយៈញ្ញត្តិបោះឆ្នោតដកសេចក្ដីទុកចិត្តនៅក្នុងរដ្ឋាភិបាលនេះ វាគឺជានយោបាយទាំងស្រុងរបស់លោក Emmanuel Macron ដែលត្រូវបានបរាជ័យ។

ដើម្បីគេចចេញពីភាពជាប់គាំងដែលប្រធានាធិបតីបានដាក់ប្រទេសនោះ មានដំណោះស្រាយតែមួយគត់ ឥឡូវនេះយើងសុំឱ្យលោក Emmanuel Macron លាលែងពីតំណែង។
ក្រុមសមាជិកសភាបក្សប្រឆាំងបានផ្ដួលរលំរដ្ឋាភិបាលនេះកាលពីថ្ងៃពុធសប្ដាហ៍នេះ ដោយបានធាក់ទម្លាក់មហាអំណាចសេដ្ឋកិច្ចធំបំផុតទីពីររបស់សហភាពអឺរ៉ុបមួយនេះ ផុងខ្លួនកាន់តែជ្រៅទៅក្នុងវិបត្តិនយោបាយដែលគំរាមកំហែងដល់សមត្ថភាពរបស់ប្រទេសក្នុងការបង្កើតច្បាប់ និងទប់ទល់នឹងឱនភាពថវិកាដ៏ធំសម្បើម។

ក្រុមសមាជិកសភាស្តាំនិយម និងឆ្វេងនិយមជ្រុល បានរួមកម្លាំងគាំទ្រញ្ញត្តិនេះផ្ដួលលោក បានីញ៉េ និងរដ្ឋាភិបាលរបស់លោកដោយមានសំឡេងគាំទ្រភាគច្រើនដល់ទៅ ៣៣១ សំឡេង។
លោកស្រី អេដវីច អី យ៉ាស់ (Edwige Diaz) តំណាងរាស្រ្តគណបក្សស្តាំនិយមជ្រុល National Rally (RN) បាននិយាយថា គ្មានជម្រើសអ្វីក្រៅពីបណ្តេញរដ្ឋាភិបាល ដើម្បីការពារបារាំងពីអ្វីដែលលោកស្រីហៅថាថវិកានៃការបំផ្លិចបំផ្លាញសង្គម។គេរំពឹងថាលោក បានីញ៉េ នឹងដាក់លិខិតលាលែងពីតំណែង និងរដ្ឋាភិបាលរបស់លោកទៅកាន់លោក Macron នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ធ្នូនេះ៕