មេដឹកនាំបក្សកាន់អំណាចគឺ គណបក្សអំណាចប្រជាជន បានស្នើឱ្យប្រធានាធិបតីកូរ៉េខាងត្បូងលោកYoon Suk Yeol ចាកចេញពីគណបក្សរបស់លោក។

មុននេះលោកYoon បានទទួលយកការលាលែងពីតំណែងរបស់រដ្ឋមន្ត្រីការពារជាតិ លោកKim Yong-hyun ដែលបានសុំទោសចំពោះតួនាទីរបស់លោកក្នុងការប្រកាសច្បាប់អាជ្ញាសឹកកាលពីយប់ថ្ងៃអង្គារទី៣ធ្នូសប្ដាហ៍នេះ។

លោកប្រធានាធិបតីវ័យ៦៣ឆ្នាំរូបនេះ ពុំបាននិយាយជាសាធារណៈទេ ចាប់តាំងពីមានការបោះឆ្នោតបន្ទាន់ក្នុងសភា បង្ខំឱ្យលោកកែប្រែវិធានការរបស់លោក។ លោកអាចនិយាយទៅកាន់ប្រជាជាតិនៅថ្ងៃនេះ។
បណ្ដាគណបក្សប្រឆាំងបានដាក់ញ្ញត្តិចោទប្រកាន់ទម្លាក់តំណែងលោក ដែលឥឡូវត្រូវគេរំពឹងថានឹងត្រូវបោះឆ្នោតនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។

គណបក្សកាន់អំណាចនិយាយថា ខ្លួននឹងរារាំងការប៉ុនប៉ងចោទប្រកាន់លើរូបលោក។ គណបក្សប្រឆាំងត្រូវការការគាំទ្រពីសមាជិក៨រូប នៃគណបក្សរបស់លោក Yoon ដើម្បីបង្ខំលោកចុះចេញពីអំណាច។
គួររម្លឹកថា លោក Yoon បានប្រកាសច្បាប់អាជ្ញាសឹកកាលពីថ្ងៃអង្គារ ថ្ងៃទី៣ ខែធ្នូសប្ដាហ៍នេះ ដើម្បីរារាំងកងកម្លាំងប្រឆាំងរដ្ឋ ក្នុងចំណោមគូប្រជែងរបស់លោក។
ប៉ុន្តែក្រុមសមាជិកសភាពោពេញដោយកំហឹងបានច្រានចោលក្រឹត្យនេះ ខណៈក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នានៅខាងក្រៅសភាក្នុងវិបត្តិនយោបាយដ៏ធំបំផុតរបស់ប្រទេសនេះក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះមិនធ្លាប់មាន៕