ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃព្រហស្បតិ៍ (០៥ ធ្នូ) នេះថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានទទួលយកការលាលែងពីតំណែងរបស់លោករដ្ឋមន្ត្រីការពារជាតិ គីម យ៉ុងហ៊ុន (Kim Yong-hyun) ហើយបានតែងតាំងឯកអគ្គរដ្ឋទូតអារ៉ាប៊ីសាអ៊ូឌីត គឺលោក ឆយ ប្យ៉ុងហ៊ុក (Choi Byung-hyuk) ជាប្រមុខការពារជាតិថ្មី។

លោក Kim ដែលបានស្នើសុំលាលែងពីតំណែងកាលពីថ្ងៃពុធ ត្រូវបានគេមើលឃើញថាជាតួអង្គដ៏សំខាន់ក្នុងការប្រកាសច្បាប់អាជ្ញាសឹករបស់លោក Yoon កាលពីថ្ងៃអង្គារ។ មន្ត្រីយោធាជាន់ខ្ពស់ម្នាក់ និងឯកសារចោទប្រកាន់ទម្លាក់តំណែងលោក Yoon ដោយសមាជិកបក្សប្រឆាំង បានបង្ហាញថា លោក Kim បានផ្តល់អនុសាសន៍ដល់លោក Yoon ជុំវិញបញ្ហាដ៏ចម្រូងចម្រាសនេះ។

ប្រធានបុគ្គលិករបស់ប្រធានាធិបតីកូរ៉េខាងត្បូង បានហៅប្រមុខការពារជាតិថ្មី លោក Choi ថាជា "មនុស្សមានគោលការណ៍ ដែលបំពេញភារកិច្ចរបស់ខ្លួនដោយយកចិត្តទុកដាក់ និងប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិ"។

ការតែងតាំងនេះគឺជាចំណាត់ការផ្លូវការដំបូងដោយលោក Yoon បន្ទាប់ពីលោកបានប្រកាសដកច្បាប់អាជ្ញាសឹកនៅព្រឹកព្រលឹមថ្ងៃពុធ ស្របពេលមានព្យុះភ្លៀងនៃភាពចលាចលនយោបាយ និងការដួលរលំផ្នែកការទូត៕