ប្រទេសគុយបា បាននិយាយថា ខ្លួនកំពុងប្រឹងប្រែងបង្កើតថាមពលអគ្គិសនីឱ្យគ្រប់គ្រាន់ដើម្បីគ្របដណ្តប់ប្រហែល មួយភាគប្រាំមួយ នៃតម្រូវការខ្ពស់បំផុតសម្រាប់ប្រជាជនកាលពីយប់ថ្ងៃពុធ (០៤ ធ្នូ) ប៉ុន្មានម៉ោងបន្ទាប់ពីបណ្តាញអគ្គិសនីជាតិរបស់ខ្លួនបានដួលរលំធ្វើឱ្យមនុស្សរាប់លាននាក់ពុំមានថាមពលប្រើប្រាស់។

សហភាពអគ្គិសនីជាតិ (UNE) បាននិយាយថា ខ្លួនកំពុងផលិតថាមពលបានចំនួន ៥៣៣មេហ្គាវ៉ាត់នៅពេលល្ងាច ដែលនៅតែជាតួលេខដ៏តិចតួចនៃតម្រូវការធម្មតាដែលមានចន្លោះពី ៣.០០០ ទៅ ៣.២០០ មេហ្គាវ៉ាត់ ដោយធ្វើឱ្យពលរដ្ឋគុយបាភាគច្រើនបន្តនៅក្នុងភាពងងឹត ខណៈពេលរាត្រីបាគ្របដណ្ដប់ប្រទេសកោះសមុទ្រការ៉ាអ៊ីបមួយនេះ។

រដ្ឋាភិបាលដែលគ្រប់គ្រងដោយកុម្មុយនិស្តបាននិយាយថា ខ្លួននឹងផ្តល់អាទិភាពដល់ការបញ្ជូនថាមពលត្រឡប់ទៅមន្ទីរពេទ្យ និងស្ថានីយបូមទឹក ចំណែកសាលារៀន និងសេវារដ្ឋាភិបាលមិនសំខាន់ ត្រូវបានបិទរហូតដល់មានការជូនដំណឹងបន្ថែម។

នេះគឺជាវិបត្តិចុងក្រោយបង្អស់នៃការដាច់ចរន្តអគ្គិសនីទូទាំងប្រទេសរបស់គុយបា ជាទីដែលប្រព័ន្ធថាមពលមានអាយុកាលយ៉ាងចំណាស់ និងខ្សោយខ្លាំងជាងមុន។ នៅឆ្នាំនេះ បណ្ដាញផ្គត់ផ្គង់របស់គុយបា បានធ្លាក់ចូលទៅក្នុងភាពច្របូកច្របល់ស្ទើរតែទាំងស្រុង ដែលសង្កត់ធ្ងន់ដោយកង្វះខាតប្រេងឥន្ធនៈ គ្រោះមហន្តរាយធម្មជាតិ និងវិបត្តិសេដ្ឋកិច្ច៕