ប្រភពដែលដឹងបញ្ហានេះបានប្រាប់សារព័ត៌មានរ៉យទ័រថា បេសកជនមជ្ឈិមបូព៌ារបស់លោក Donald Trump បានធ្វើដំណើរទៅកាន់ប្រទេសកាតា និងអ៊ីស្រាអែល ដើម្បីចាប់ផ្តើមការជំរុញការទូតរបស់ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក ក្នុងកិច្ចប្រឹងប្រែងឈានដល់កិច្ចព្រមព្រៀងឈប់បាញ់នៅតំបន់ហ្កាហ្សា និងការដោះលែងចំណាប់ថ្នូរ មុនពេលលោកចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា។

ប្រភពនិយាយថា លោក ស្ទីវ វីតខូហ្វ (Steve Witkoff) ដែលនឹងឡើងកាន់តំណែងជាផ្លូវការក្រោមរដ្ឋបាលថ្មីរបស់លោក Trump បានជួបដាច់ដោយឡែកកាលពីចុងខែវិច្ឆិកា ជាមួយលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu និងនាយករដ្ឋមន្ត្រីកាតា លោក Sheikh Mohammed bin Abdulrahman Al Thani។

កិច្ចសន្ទនារបស់លោក Witkoff លេចឡើងក្នុងគោលបំណងកសាងទំនាក់ទំនងការទូត រយៈពេលជិត ១៤ខែដែលមិនបានជោគជ័យដោយរដ្ឋបាលលោក Joe Biden ប្រទេសកាតា និងអេហ្ស៊ីប សំដៅទៅរកបទឈប់បាញ់យូរអង្វែង រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធ ហាម៉ាស នៅតំបន់ហ្កាហ្សា និងការដោះលែងចំណាប់ថ្នូរអ៊ីស្រាអែល ដែលជាប់ឃុំនៅក្នុងតំបន់ហ៊ុមព័ទ្ធ។

ប្រភពបញ្ជាក់ថា កិច្ចប្រជុំនេះក៏បង្ហាញសញ្ញាថារដ្ឋឈូងសមុទ្រកាតា បានបន្តជាអ្នកសម្រុះសម្រួលដ៏សំខាន់ បន្ទាប់ពីបានផ្អាកតួនាទីរបស់ខ្លួនកាលពីខែមុន។ លោក Trump បានព្រមានកាលពីថ្ងៃចន្ទថានឹងមាន "បញ្ហាយ៉ាងធ្ងន់ធ្ងរ" នៅមជ្ឈិមបូព៌ា ប្រសិនបើចំណាប់ថ្នូរនៅតំបន់ហ្កាហ្សាស្ទ្រីប មិនត្រូវបានដោះលែងមុនថ្ងៃឡើងកាន់តំណែងទី២០ ខែមករា ឆ្នាំ២០២៥ របស់លោកទេនោះ៕