មជ្ឈមណ្ឌលអាកាសធាតុជាតិបានប្រកាសកាលពីពុធ (០៤ ធ្នូ) ថា ប្រទេសចិន បានជួបប្រទះសរទររដូវ ឬរដូវស្លឹកឈើជ្រុះដ៏ក្តៅបំផុតរបស់ខ្លួនក្នុងឆ្នាំ២០២៤នេះ ក្នុងរយៈពេលជាង ៦០ឆ្នាំ ចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមជាច្រើនទសវត្សរ៍មុនមក។

ចិនគឺជាប្រទេសនាំមុខគេនៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដែលអ្នកវិទ្យាសាស្ត្រនិយាយថាកំពុងជំរុញឱ្យមានបម្រែបម្រួលអាកាសធាតុពិភពលោក និងធ្វើឱ្យព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរកាន់តែញឹកញាប់។

មជ្ឈមណ្ឌលអាកាសធាតុបានប្រកាសនៅលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ខ្លួនថា "ក្នុងអំឡុងពេលរដូវស្លឹកឈើជ្រុះឆ្នាំនេះ ពោលគឺចាប់ថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា សីតុណ្ហភាពជាតិជាមធ្យមគឺ ១១,៨អង្សាសេ ដែលកើនឡើង ១,៥អង្សាសេ ខ្ពស់ជាងតួលេខមធ្យមប្រចាំឆ្នាំ ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ១៩៦១ មក" ។

ប្រទេសចិន ក្នុងឆ្នាំ២០២៤ បានកត់ត្រាខែកក្កដា ជាខែក្តៅបំផុតរបស់ខ្លួនរួចទៅហើយ ចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើម ហើយខែសីហាផងដែរគឺជាខែក្តៅបំផុតមិនធ្លាប់មាន ដែលធ្វើឱ្យរដូវក្តៅរបស់ខ្លួនគ្របដណ្ដប់ដោយលក្ខខណ្ឌអាកាសធាតុធ្ងន់ធ្ងរ រាប់ចាប់ពីរលកកម្ដៅ រហូតដល់ភ្លៀងធ្លាក់ខ្លាំង៕