អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌូនេស៊ី លោក Roy Soemirat បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍ (០៥ ធ្នូ) នេះថា សមាជិកនៃប្លុកតំបន់អាស៊ីអាគ្នេយ៍ អាស៊ាន គ្រោងនឹងបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៅប្រទេសថៃ នៅចុងខែនេះ ដើម្បីពិភាក្សាអំពីវិបត្តិនៅក្នុងប្រទេសសមាជិកមីយ៉ាន់ម៉ា។

លោកបាននិយាយថា តបតាមការអញ្ជើញរបស់ឡាវ ដែលជាម្ចាស់ផ្ទះអាស៊ានបច្ចុប្បន្ន កិច្ចប្រជុំនោះនឹងពិភាក្សាអំពីមធ្យោបាយដោះស្រាយវិបត្តិដែលគ្របដណ្ដប់មីយ៉ាន់ម៉ា ចាប់តាំងពីរដ្ឋប្រហារយោធាឆ្នាំ២០២១ រួមទាំងការអនុវត្តផែនការ “មតិឯកច្ឆ័ន្ទសន្តិភាពប្រាំចំណុច” របស់អាស៊ានផងដែរ។

ផែនការនោះមានការវិវឌ្ឍតិចតួចណាស់ចាប់តាំងពីដាក់ចេញនៅក្នុងខែមេសា ឆ្នាំ២០២១មក។ ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាននៅខែតុលា ប្លុកនេះបានអំពាវនាវឱ្យមាន "ការបញ្ឈប់ជាបន្ទាន់" នូវអំពើហិង្សា និងបង្កើត "បរិយាកាសអំណោយផលសម្រាប់ការផ្តល់ជំនួយមនុស្សធម៌ និងការសន្ទនាថ្នាក់ជាតិប្រកបដោយបរិយាបន្ន" ដែល "គ្រប់គ្រង និងដឹកនាំផ្ទាល់ដោយមីយ៉ាន់ម៉ា"។

លោក Roy បានបញ្ជាក់ថា កិច្ចប្រជុំនេះត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅថ្ងៃទី២០ ខែធ្នូ ហើយរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីត្រូវក៏អាចនឹងចូលរួមផងដែរ។ របបសឹកមីយ៉ាន់ម៉ា ដែលកំពុងប្រយុទ្ធជាមួយក្រុមឧទ្ទាម បានព្រងើយកន្តើយនឹងការអំពាវនាវជាច្រើនពីសំណាក់ប្រទេសជិតខាងអាស៊ីអាគ្នេយ៍របស់ខ្លួនឱ្យបញ្ឈប់អរិភាព និងចូលទៅក្នុងកិច្ចសន្ទនាជាមួយគូប្រជែង៕