នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមនាយឧត្តមសេនីយ៍ កិតិសង្គបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តីអនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខគ្រួសារអតីតយុទ្ធជន ដែលកំពុងរស់នៅក្នុងភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ត្រយឹង រួមនិងពិនិត្យលើការងារ អភិវឌ្ឍន៍ កសាង លើគ្រប់វិស័យ ក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ដូចជាហេដ្ឋារចនាសម្ព័ន្ធ សាលារៀន មន្ទីរពេទ្យ វត្តអារាម អណ្តូងទឹក ជាដើម ជាពិសេសស្វែងរក បញ្ហាប្រឈមនានា ក្នុងជីវភាពរស់នៅរបស់អតីតយុទ្ធជន ដើម្បីពិភាក្សារកដំណោះស្រាយជូន។ ពិធីសំណេះសំណាលនេះក៏មានការអញ្ជើញចូលរួមពី នាយឧត្តមសេនីយ៍ ជា តារា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ទទួលបន្ទុកជាសាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ និងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងមន្ទីរអង្គភាពជាច្រើនរូបផងដែរ។

ក្នុងឱកាសនោះឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម បានថ្លែងថា ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង គឺជាភូមិពិសេស ព្រោះភូមិនេះបង្កើតឡើងសម្រាប់អតីតយុទ្ធជន ក្រោមគំនិតផ្តួចផ្តើមរបស់ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលមានការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះអតីតយុទ្ធជន ដោយបានចែកដីសម្បទានសង្គមកិច្ច និងសាងសង់ផ្ទះ ជូនអតីតយុទ្ធជន ហើយរហូតដល់រាជរដ្ឋាភិបាល អាណត្តិទី៧នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅតែយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជនជារៀងរហូត និងបន្តអភិវឌ្ឍន៍កសាងហេដ្ឋារចនាសម័ន្ធបន្ថែមទៀតនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង។ ហើយភូមិនេះ មានរដ្ឋបាលខេត្តពោធិ៍សាត់ជាអ្នកមើលការខុសត្រូវដោយផ្ទាល់ផងដែរ ។ ជាមួយគ្នានោះឯកឧត្តមទេសរដ្ឋមន្រ្តី បានកោតសរសើរដល់គ្រួសារអតីតយុទ្ធជនដែលកំពុងរស់នៅក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង បានធ្វើការដាំដុះដំណាំផ្សេងៗ សម្រាប់ហូប និងសម្រាប់លក់ ហើយឯកឧត្តមទេសរដ្ឋមន្រ្តី បានជម្រុញឱ្យគ្រប់ផ្ទះគ្រួសារអតីតយុទ្ធជនទាំងអស់ត្រូវតែធ្វើការដាំដុះដំណាំបន្ថែមដើម្បីបង្កើនជីវភាព គឺមានផ្ទះមានដី ត្រូវតែមានដំណាំ។ ឯកឧត្តមទេសរដ្ឋមន្រ្តីបានបន្តថា បច្ចុប្បន្នភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង មានគ្រួសារអតីតយុទ្ធជនសរុបប្រមាណ៦២៨គ្រួសារ ហើយនៅពេលខាងមុខគ្រោងនឹងពង្រីក១០០០គ្រួសារបន្ថែមទៀត៕ ភិរុណ ពៅ















