នគរបាលប្រទេសកូរ៉េខាងត្បូង បានចាប់ផ្តើមការស៊ើបអង្កេតលើប្រធានាធិបតី លោក Yoon Suk Yeol សម្រាប់«ការបះបោរ» តាមដែលបានចោទប្រកាន់ ជុំវិញការប្រកាសច្បាប់អាជ្ញាសឹករបស់លោក។

វីដេអូបានបង្ហាញថា លោក Woo Jong-soo ប្រធានការិយាល័យស៊ើបអង្កេតនៃទីភ្នាក់ងារនគរបាលជាតិ បាននិយាយទៅកាន់សមាជិកសភាថា «ករណីនេះត្រូវបានចាត់តាំងរួចហើយ»។

ការប្រកាសរបស់ លោក Yoon នៃច្បាប់អាជ្ញាសឹក ដែលជាលើកដំបូងរបស់ប្រទេសកូរ៉េខាងត្បូងក្នុងរយៈពេលជាង៤ទស្សវត្សមកនេះ ត្រូវបានដកចេញវិញភ្លាមៗដោយសមាជិកសភា ប៉ុន្តែវាបានធ្វើឱ្យប្រទេសនេះធ្លាក់ទៅក្នុងភាពវឹកវរ និងធ្វើឲ្យសម្ព័ន្ធមិត្តព្រួយបារម្ភ។
អនាគតរបស់ លោក Yoon ជាអ្នកនយោបាយអភិរក្សនិយម និងជាអតីតរដ្ឋអាជ្ញាសាធារណៈ ដែលបានជាប់ឆ្នោតជាប្រធានាធិបតីក្នុងឆ្នាំ២០២២ បច្ចុប្បន្ននេះមើលទៅមានភាពមិនច្បាស់លាស់ខ្លាំង។
សមាជិកសភាគណបក្សប្រឆាំង បានលោតរំលងរបង និងបានប៉ះទង្គិចជាមួយកងកម្លាំងសន្តិសុខ ដើម្បីចូលទៅក្នុងសភា និងបោះឆ្នោតច្រានចោលច្បាប់អាជ្ញាសឹកកាលពីយប់ពីថ្ងៃអង្គាររហូតដល់ថ្ងៃពុធ ហើយក្រោយមក ពួកគេបានដាក់ញត្តិចោទប្រកាន់លោក Yoon ។
ញត្តិនេះ និយាយថា លោក Yoon «បានបំពានរដ្ឋធម្មនុញ្ញ និងច្បាប់» ហើយចោទប្រកាន់លោកពីបទដាក់ច្បាប់អាជ្ញាសឹកដើម្បីគេចចេញពីការស៊ើបអង្កេតជុំវិញ «ទង្វើខុសច្បាប់តាមដែលបានចោទប្រកាន់ ពាក់ព័ន្ធនឹងខ្លួនលោកផ្ទាល់ និងក្រុមគ្រួសាររបស់លោក»។