អ្នកនាំពាក្យអង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃពុធថា អង្គការសហប្រជាជាតិ បានជំរុញឱ្យអាជ្ញាធរក្រុមតាលីបង់ពិចារណាឡើងវិញនូវការអនុវត្តការរឹតត្បិតលើសិទ្ធិរបស់ស្រ្តី និងក្មេងស្រីក្នុងការទទួលបានការបណ្តុះបណ្តាលផ្នែកវេជ្ជសាស្រ្ត នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ។

លោក Stephane Dujarric អ្នកនាំពាក្យរបស់ប្រមុខអង្គការសហប្រជាជាតិ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា «យើងបានតាមដានស្ថានភាពនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន»។ «យើងពិតជាមានការព្រួយបារម្ភអំពីគោលការណ៍ដែលត្រូវបានរាយការណ៍ពីអាជ្ញាធរតាលីបង់ ដែលកំពុងរារាំងស្ត្រី និងក្មេងស្រី មិនឱ្យចូលរៀននៅស្ថាប័នវេជ្ជសាស្ត្រឯកជន។

ប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានរាយការណ៍ថា ក្រុមតាលីបង់ បានបញ្ជាឱ្យស្ថាប័នឯកជន និងសាធារណៈ បញ្ឈប់ការផ្តល់វគ្គសិក្សាផ្នែកវេជ្ជសាស្រ្តសម្រាប់ស្ត្រី និងក្មេងស្រី។ ស្ថាប័នចំនួនប្រាំ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បាននិយាយថា ក្រុមតាលីបង់ បានណែនាំពួកគេឱ្យបិទ រហូតដល់មានការជូនដំណឹងបន្ថែម។
លោក Dujarric និយាយថា ប្រសិនបើត្រូវបានអនុវត្ត គោលការណ៍ណែនាំនេះនឹងដាក់កម្រិតបន្ថែមទៀតលើសិទ្ធិរបស់ស្ត្រី និងក្មេងស្រីក្នុងការទទួលបានការអប់រំ និងការទទួលបានការថែទាំសុខភាព។
លោកបាននិយាយបន្ថែមថា នៅចុងក្រោយ វានឹងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រព័ន្ធថែទាំសុខភាព និងការអភិវឌ្ឍន៍ របស់ប្រទេសអាហ្វហ្គានីស្ថាន។
អ្នកនាំពាក្យរូបនេះ បានជំរុញឱ្យអាជ្ញាធរក្រុមតាលីបង់ពិចារណាឡើងវិញនូវការអនុវត្តន៍គោលការណ៍ណែនាំនេះ ដោយមើលឃើញពីផលប៉ះពាល់អវិជ្ជមានលើស្ត្រី និងក្មេងស្រីអាហ្វហ្គានីស្ថាន និងប្រជាជនទាំងអស់នៅទូទាំងប្រទេស។