អង្គការសហប្រជាជាតិ កាលពីថ្ងៃពុធ បានចាប់ផ្តើមការអំពាវនាវមួយដោយស្វែងរកប្រាក់ជំនួយចំនួន ៤៧ពាន់លានដុល្លារក្នុងឆ្នាំ២០២៥ ដើម្បីជួយដល់ប្រជាជនចំនួន១៩០លាននាក់ ក្នុងពេលមានវិបត្តិកើនឡើងជាច្រើននៅទូទាំងពិភពលោក។

ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាននិយាយនៅក្នុងសេចក្តីប្រកាសថ្មីមួយថា «នៅឆ្នាំ២០២៥ ប្រជាជនចំនួន៣០៥លាននាក់នៅជុំវិញពិភពលោកនឹងត្រូវការជំនួយនិងការការពារមនុស្សធម៌បន្ទាន់ ខណៈវិបត្តិជាច្រើនកើនឡើងជាមួយនឹងផលវិបាកដ៏អាក្រក់សម្រាប់ប្រជាជនដែលរងផលប៉ះពាល់។

របាយការណ៍បាននិយាយថា ចំនួនប្រជាជនពិតប្រាកដ ដែលត្រូវបានកំណត់គោលដៅសម្រាប់ការជួយសង្គ្រោះមានចំនួន១៨៩,៥លាននាក់។ លោក Tom Fletcher អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌ និងជាអ្នកសម្របសម្រួលជំនួយបន្ទាន់ បាននិយាយនៅក្នុងរបាយការណ៍ថា «ពិភពលោកកំពុងឆាបឆេះ» ដោយកត់សម្គាល់ពីពិរុទ្ធជនសំខាន់ចំនួនពីរនៃវិបត្តិមនុស្សធម៌ពិភពលោកបច្ចុប្បន្ននេះ គឺសុទ្ធតែសិប្បនិម្មិតទាំងអស់។
ប្រធានជំនួយសង្គ្រោះ បាននិយាយថា ពិរុទ្ធជនទីមួយគឺជម្លោះ ដែលបានអូសបន្លាយពេលជាយូរមកហើយកំពុងទម្លាក់ទុក្ខលំបាកលើកុមារយ៉ាងខ្លាំង។ យោងតាមទិន្នន័យរបស់អង្គការសហប្រជាជាតិបានឱ្យដឹងថា មនុស្សជិត១២៣លាននាក់ បានភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ ដោយសារតែជម្លោះនៅឆ្នាំ នេះ។
លោក Fletcher បាននិយាយថា ពិរុទ្ធជនទីពីរគឺភាពអាសន្នផ្នែកអាកាសធាតុ ដោយសង្កត់ធ្ងន់ថាពិភពលោកត្រូវកំណត់ឡើងវិញនូវអ្វីដែលត្រូវការចាំបាច់បំផុត។ របាយការណ៍បានព្រមានថា ក្នុងករណីដែលគ្មានចំណាត់ការដ៏មានន័យដើម្បីបញ្ចប់ និងទប់ស្កាត់ជម្លោះ ព្រមទាំងបញ្ឈប់ការឡើងកម្តៅផែនដីនោះទេ មនុស្សនឹងប្រឈមមុខនឹងវិបត្តិកាន់តែកើនឡើង។