កងកម្លាំងកងទ័ពស៊ីរី បានចូលរួមក្នុងការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា នៅក្នុងខេត្ត Hama ភាគកណ្តាលប្រឆាំងនឹងក្រុមឧទ្ទាម ដែលភាគច្រើនជាក្រុម Hayat Tahrir al-Sham (HTS) បានសម្លាប់ក្រុមសកម្មប្រយុទ្ធយ៉ាងហោចណាស់ ៣០០នាក់។ នេះបើយោងតាមក្រសួងការពារប្រទេសស៊ីរី។

ក្រសួងបានអះអាងថា អង្គភាពនៃកងទ័ពស៊ីរីដែលដាក់ពង្រាយតាមខ្សែបន្ទាត់ជួរមុខ នៅតំបន់ជនបទភាគខាងជើងទីក្រុង Hama បាននិងកំពុងប្រយុទ្ធ ចាប់តាំងពីព្រឹកប្រឆាំងនឹងអង្គការភេរវករប្រដាប់អាវុធដែលមានទំនាក់ទំនងជាមួយក្រុម HTS ។

ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«កងកម្លាំងរបស់យើង កំពុងផ្តោតលើការប្រមូលផ្តុំភេរវករយ៉ាងស៊ីជម្រៅ និងក្បួនរថយន្តរបស់ពួកគេ នៅលើអ័ក្សចលនាតស៊ូទាំងអស់ ដោយប្រើកាំភ្លើងធំ គ្រាប់រ៉ូកែត និងយន្តហោះចម្បាំងស៊ីរី-រុស្ស៊ីរួមគ្នា»។
ក្រសួងបានបញ្ជាក់ដែរថា៖«ប្រតិបត្តិការទាំងនេះ បានបណ្តាលឲ្យមានការសម្លាប់ក្រុមសកម្មប្រយុទ្ធយ៉ាងហោចណាស់ ៣០០នាក់ រួមទាំងជនបរទេស និងការទម្លាក់ និងបំផ្លាញយានដ្រូនចំនួន ២៥គ្រឿង» ដោយបន្ថែមថា ទ័ពជំនួយត្រូវបានបញ្ជូនទៅ ដើម្បីពង្រឹងជួរមុខ និងទប់ស្កាត់ការរុលចូលទៅមុខរបស់ក្រុម ឧទ្ទាមបន្ថែមទៀត។
លោក Rami Abdulrahman ប្រធាននៃអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី បាននិយាយថា ក្រុម HTS និងក្រុមសម្ព័ន្ធមិត្ត កំពុងរុលទៅមុខពីខ្សែត្រៀមជួរមុខចំនួនបី គឺភាគជើង ភាគឦសាន និងភាគខាងលិច ក្នុងការប៉ុនប៉ងឆ្ពោះ ទៅកាន់ទីក្រុងHama។
លោក Abdulrahman បានលើកឡើងថា៖«ទីក្រុង Hama គឺជាសមរភូមិនៃការបំផ្លាញ នោះហើយជាមូលហេតុដែលមានយុទ្ធនាការប្រព័ន្ធផ្សព្វផ្សាយ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម»។