បេសកកម្មគាំទ្ររបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសលីប៊ី (UNSMIL) កាលពីថ្ងៃពុធ បាននិយាយថា ខ្លួនបាននិងកំពុងខិតខំប្រឹងប្រែងកាន់តែខ្លាំង ដើម្បីស្តារដំណើរការនយោបាយឡើងវិញ និងឆ្ពោះទៅរកការរៀបចំការបោះឆ្នោតជាតិ នៅក្នុងប្រទេសនេះ។

បេសកកម្មរបស់UN បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ អ្នកស្រី Stephanie Koury មន្ត្រីទទួលបន្ទុក UNSMIL បានជួបប្រជុំជាមួយមន្ត្រីជាន់ខ្ពស់លីប៊ី ក្នុងរឿងនេះ។
អ្នកស្រី Koury បានជួបជាមួយប្រធានសភាតំណាងរាស្រ្តភាគខាងកើត លោក Aguila Saleh ប្រធានក្រុមប្រឹក្សាប្រធានាធិបតី លោក Mohamed al-Menfi រដ្ឋមន្ត្រីការបរទេសស្តីទីលោក Taher Al-Baour និងរដ្ឋមន្ត្រីក្រសួងកិច្ចការនយោបាយ និងទំនាក់ទំនងលោក Walid Ellafi ។

កិច្ចពិភាក្សានេះ បានគ្របដណ្តប់ការបង្រួបបង្រួមនៃស្ថាប័នរដ្ឋ ជាពិសេសអាជ្ញាធរប្រតិបត្តិ និងដើម្បីឲ្យ មានការបោះឆ្នោតដែលអាចជឿទុកចិត្តបាន ក៏ដូចជាសារៈសំខាន់នៃការបង្កើតថវិកាបង្រួបបង្រួមសម្រាប់ឆ្នាំខាងមុខ។
ពួកគេបានពិភាក្សាអំពីតម្រូវការ ដើម្បីទម្លាយភាពជាប់គាំងនយោបាយបច្ចុប្បន្ន និងត្រួសត្រាយផ្លូវសម្រាប់ការបោះឆ្នោត «ផ្អែកលើមូលដ្ឋានស្របច្បាប់ និងនយោបាយ»។ នេះបើយោងតាមសេចក្តីថ្លែងការណ៍។
សេចក្តីថ្លែងការណ៍ បានបន្ថែមថា៖«អ្នកស្រី Koury ក៏បានជំរុញឲ្យអន្តរការីទាំងអស់បញ្ឈប់ការអនុម័តវិធានការឯកតោភាគី ដែលកំពុងធ្វើឲ្យការបែកបាក់នៃស្ថាប័នលីប៊ី កាន់តែជ្រៅឡើង»។