លោកអនុសេនីយ៍ឯក JD DORSEY ដែលជាអ្នកនាំពាក្យរបស់លោក Brown បានប្រាប់សារព័ត៌មាន ABC NEWS ថា នាយអគ្គសេនាធិការកងទ័ពរុស្ស៊ី លោកឧត្តមសេនីយ៍ VALERY GERASIMOV និងសមភាគីអាមេរិក លោកឧត្តមសេនីយ៍ CHARLES BROWN បានសន្ទនាតាមទូរស័ព្ទ កាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ដើម្បីពិភាក្សាអំពីបញ្ហាសន្តិសុខជាច្រើន រួមទាំងជម្លោះនៅប្រទេសអ៊ុយក្រែនផងដែរ។
លោក DORSEY បានបញ្ជាក់ថា៖«នាយអគ្គសេនាធិការចម្រុះ លោកឧត្តមសេនីយ៍ CQ BROWN, JR. បាននិយាយជាមួយនាយអគ្គសេនាធិការរុស្ស៊ី លោកឧត្តមសេនីយ៍ VALERY GERASIMOV តាមទូរស័ព្ទកាលពីថ្ងៃទី ២៧ ខែវិច្ឆិកា បន្ទាប់ពីមានសំណើរបស់ក្រសួងការពារជាតិរុស្ស៊ី»។
«នេះគឺជាលើកទី១ ហើយ ដែលមេដឹកនាំទាំងពីរ បាននិយាយគ្នា ចាប់តាំងពីលោកឧត្តមសេនីយ៍ BROWN ក្លាយជនាយអគ្គសេនាធិការមក។ លោកទាំងពីរ បានពិភាក្សាអំពីបញ្ហាសន្តិសុខពិភពលោក និងតំបន់មួយចំនួន ដើម្បីរួមបញ្ចូលជម្លោះដែលកំពុងបន្តនៅក្នុងប្រទេសអ៊ុយក្រែន។ តាមសំណើរបស់ឧត្តមសេនីយ៍ GERASIMOV លោក ឧត្តមសេនីយ៍ BROWN បានយល់ព្រមថា នឹងមិនប្រកាសអំពីការសន្ទនាតាមទូរស័ព្ទនេះទេ។
មន្ទីរបញ្ចកោណ និងអគ្គសេនាធិការចម្រុះអាមេរិក មិនទាន់ឆ្លើយតបទៅនឹងសំណើរបស់សារព័ត៌មានTASS សម្រាប់ការធ្វើអត្ថាធិប្បាយទេ។
បណ្តាញសារព័ត៌មាននេះ បានដកស្រង់សម្តីមន្ត្រីអាមេរិក ដែលនិយាយថា លោក GERASIMOV និង BROWN «បានពិភាក្សាពីរបៀបចៀសវាងការប៉ាន់ស្មានខុស និងការកើនឡើងភាពតានតឹងរវាងប្រទេសទាំងពីរ នៅពេលនិយាយអំពីអ៊ុយក្រែននោះ។
សារព័ត៌មាននេះ បានរាយការណ៍ថា ពួកគេបានពិភាក្សាអំពីការអនុញ្ញាតរបស់សហរដ្ឋអាមេរិក ឲ្យប្រើប្រាស់មីស៊ីល ATACMS ប្រឆាំងនឹងគោលដៅនៅក្នុងប្រទេសរុស្ស៊ី ក៏ដូចជាការសាកល្បងជាបន្តបន្ទាប់របស់រុស្ស៊ីនូវមីស៊ីលបាលីស្ទីក ORESHNIK របស់ខ្លួនជាមួយនឹងក្បាលគ្រាប់ដែលមិនមែនជានុយក្លេអ៊ែរ។