ការប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់ប្រធានាធិបតី លោក Yoon Suk Yeol បានរាលដាលទៅដល់វិស័យថែទាំសុខភាព នាថ្ងៃព្រហស្បតិ៍ (ទី៥ ខែធ្នូ) នេះ ដោយត្រូវប្រឈមនឹងការរិះគន់យ៉ាងខ្លាំងក្លាពីសហគមន៍វេជ្ជសាស្ត្រ ហើយនិងមន្ត្រីជាន់ខ្ពស់ផ្នែកសុខាភិបាល និងសុខុមាលភាពរបស់ប្រទេស។
នៅឯកិច្ចប្រជុំគណៈកម្មាធិការសុខភាព និងសុខុមាលភាពរបស់រដ្ឋសភា នាថ្ងៃទី៥ ខែធ្នូនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Cho Kyoo-hong ដែលបានចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្ត្រី បន្តិចមុនពេលការប្រកាសច្បាប់អាជ្ញាសឹក ត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃទី៣ ខែធ្នូ បាននិយាយថា លោក «មិនយល់ស្របនឹងការប្រកាសច្បាប់អាជ្ញាសឹកឡើយ»។
នៅពេលត្រូវបានសួរដោយតំណាងរាស្ត្រ លោក Kim Sun-min នៃគណបក្សប្រឆាំងតូចមួយ គឺគណបក្ស Rebuilding Korea Party (RKP) ថា តើលោកយល់ស្របថា ការប្រកាសនេះ គឺ «ខុសច្បាប់ និងខុសរដ្ឋធម្មនុញ្ញ» ទេ លោក Cho បានឆ្លើយថា «មែនហើយ» តែមិនបានបញ្ជាក់អ្វីបន្ថែមឡើយ។
គួរបញ្ជាក់ថា វិស័យវេជ្ជសាស្ត្រ បានបន្ទរតាមទស្សនៈរបស់រដ្ឋមន្ត្រី ដោយបានរិះគន់លើក្រឹត្យដែលចេញដោយនាយអគ្គសេនាធិការកងទ័ព លោកឧត្តមសេនីយ៍ Park An-su ដែលបានចូលជាធរមាន ចាប់ពីម៉ោង ១១យប់ ថ្ងៃទី៣ ខែធ្នូ ដែលចែងថា អ្នកជំនាញផ្នែកវេជ្ជសាស្រ្តទាំងអស់ ក្នុងនោះរួមទាំងវេជ្ជបណ្ឌិតវ័យក្មេងដែលធ្វើកូដកម្មផងដែរ «ត្រូវតែចាប់ផ្ដើមភារកិច្ចរបស់ពួកគេឡើងវិញ ក្នុងរយៈពេល ៤៨ម៉ោង»៕