នាយករដ្ឋមន្ត្រីបារាំង លោក Michel Barnier ត្រូវបានគេរំពឹងថា នឹងលាលែងពីតំណែងនៅថ្ងៃសុក្រ (ទី៦ ខែធ្នូ) បន្ទាប់ពីសមាជិកសភាស្តាំនិយមជ្រុល និងឆ្វេងនិយម បានបោះឆ្នោតផ្តួលរំលំរដ្ឋាភិបាលរបស់លោក ដោយរុញឲ្យប្រទេសបារាំងធ្លាក់ចូលទៅក្នុងវិបត្តិនយោបាយដ៏ធំជាលើកទី២ ក្នុងរយៈពេល ៦ខែ។
អ្នកនយោបាយជើងចាស់ លោក Barnier ដែលធ្លាប់ជាអ្នកចរចា Brexit (ការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប) នឹងក្លាយជានាយករដ្ឋមន្ត្រីដែលកាន់តំណែងរយៈពេលខ្លីបំផុត ក្នុងប្រវត្តិសាស្ត្រសម័យទំនើបរបស់បារាំង។ គ្មានរដ្ឋាភិបាលបារាំងណាមួយ បានដួលរលំនៅក្នុងការបោះឆ្នោតដកទំនុកចិត្តនោះឡើយ គិតចាប់តាំងពីលោក Georges Pompidou (ហ្សក ប៉ុមពីឌូ) នៅឆ្នាំ១៩៦២ មក។
ក្រុមឆ្វេងនិយមដ៏តឹងរ៉ឹង និងស្តាំនិយមជ្រុល បានផ្ដល់មេរៀនឲ្យលោក Barnier ជុំវិញការប្រញាប់ប្រញាល់ចេញកញ្ចប់ថវិកាមិនផ្ដល់ប្រយោជន៍សាធារណជន តាមរយៈសភាមិនមានសំឡេងភាគច្រើន ដោយគ្មានការបោះឆ្នោត។ សេចក្តីព្រាងថវិកានេះ បានស្វែងរកការសន្សំទឹកប្រាក់ចំនួន ៦០ពាន់លានអឺរ៉ូ (៦៣,០៧ពាន់លានដុល្លារ) ជាការជំរុញមួយ ដើម្បីកាត់បន្ថយគម្លាតឱនភាព។
ការលាលែងពីតំណែងរបស់លោក Barnier នឹងកាត់បន្ថយភាពតានតឹងជាច្រើនសប្តាហ៍ ជុំវិញកញ្ចប់ថវិកា ដែលគណបក្សស្តាំនិយមជ្រុល គឺបក្សរួបរួមជាតិ (RN) របស់លោកស្រី Marine Le Pen បាននិយាយថា មានភាពធ្ងន់ធ្ងរពេក សម្រាប់អ្នកធ្វើការ។ ហើយជាមួយគ្នានេះ វាក៏នាំឲ្យមានការខុះខ្សោយថែមទៀតដល់គោលជំហររបស់ប្រធានាធិបតី លោក Emmanuel Macron ដែលបានធ្វើឲ្យមានវិបត្តិបច្ចុប្បន្ននេះ ដោយការសម្រេចចិត្តមិនល្អ ក្នុងការប្រកាសពីការបោះឆ្នោតមុនអាណត្តិ នៅមុនការប្រកួតកីឡាអូឡាំពិករដូវក្តៅ នៅទីក្រុងប៉ារីស។
លោក Macron ប្រឈមនឹងការអំពាវនាវកាន់តែខ្លាំងឡើងៗឲ្យលាលែងពីតំណែង ប៉ុន្តែលោកមានអាណត្តិរហូតដល់ឆ្នាំ២០២៧ ហើយមិនអាចបណ្តេញចេញពីតំណែងបានទេ។ តែទោះជាយ៉ាងណាក្ដី វិបត្តិនយោបាយដែលអូសបន្លាយជាយូរមកហើយនោះ បានធ្វើឲ្យលោកធ្លាក់ចុះប្រជាប្រិយភាព៕