កាលពីថ្ងៃពុធម្សិលមិញ ទីភ្នាក់ងារសន្តិសុខតាមសមុទ្រប៉ាគីស្ថាន(PMSA) បានសម្របសម្រួលប្រតិបត្តិការសង្រ្គោះក្នុងសមុទ្រដោយជោគជ័យ ដោយបានសង្រ្គោះជីវិតអ្នករស់រាន ១២នាក់ពីទូកពោង ក្រោយហេតុការណ៍លិចនាវាដឹកទំនិញឥណ្ឌា ។
យោងតាមការបញ្ចេញព័ត៌មានរបស់ PMSA បានឲ្យដឹងថា នៅវេលាម៉ោងប្រហែល ១០ និង ២០នាទីម៉ោងក្នុងស្រុក មន្ទីរសម្របសម្រួលការជួយសង្គ្រោះតាមសមុទ្រប៉ាគីស្ថាន (MRCC) ទទួលអ៊ីម៉ែលបន្ទាន់ពីមន្ទីរសម្របសម្រួលការជួយសង្គ្រោះតាមសមុទ្រម៉ុមបៃ ស្នើសុំជំនួយ ដើម្បីស្វែងរក និងជួយសង្គ្រោះអ្នករស់រានពីនាវាលិច ។
នាវាដឹកទំនិញ MSV AL PIRANIPIR ត្រូវបានគេរាយការណ៍ថា បានលិចនៅក្នុងតំបន់សេដ្ឋកិច្ចដាច់មុខរបស់ប៉ាគីស្ថាន ក្នុងនោះក្រុមនាវិក ១២នាក់ បានជាប់នៅលើទូកពោង ។
PMSA បានចុះប្រតិបត្តិការជួយសង្រ្គោះសម្របសម្រួល ដោយមានការពាក់ព័ន្ធជាមួយទីភ្នាក់ងារ និងក្រុមហ៊ុនជាច្រើន ។ ភ្លាមៗនោះ យន្តហោះរបស់ PMSA បានរកឃើញអ្នករស់រាន ខណៈនាវាពាណិជ្ជកម្មនៅក្បែរនោះ ត្រូវបានប្រកាសអាសន្ន និងស្នើសុំឲ្យជួយសង្រ្គោះ ។
មន្ទីរសម្របសម្រួលព័ត៌មានតាមសមុទ្រចម្រុះ(JMICC) បានសម្រួលកិច្ចសហប្រតិបត្តិការ ឲ្យកងទ័ពជើងទឹកប៉ាគីស្ថាន និងនាវា PMSA ប្រុងជើងការខ្ពស់ ក្នុងនោះនាវាកងទ័ពជើងទឹកប៉ាគីស្ថាននៅជិតបង្កើយបំផុត បានបញ្ជូនទៅកាន់កន្លែងកើតហេតុ ។
លើសពីនេះទៅទៀត ការរៀបចំចាំបាច់ ត្រូវបានបង្កើតឡើង ដើម្បីជំរុញឲ្យនាវាឆ្មាំល្បាតឆ្នេរឥណ្ឌានៅក្បែរនោះ ក្នុងតំបន់សេដ្ឋកិច្ចដាច់មុខប៉ាគីស្ថាន ទៅសង្រ្គោះអ្នករស់រាន ៕