រដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែលលោក Israel Katz និយាយកាលពីថ្ងៃពុធថា អ៊ីស្រាអែលបានដាក់សំពាធក្រុមហាម៉ាស់ឲ្យធ្លាក់ក្នុងស្ថានភាពទាល់ច្រកមួយដែលធ្វើឲ្យកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយក្រុមគាំទ្រដោយអ៊ីរ៉ង់មួយនេះ អាចទៅរួច ។
ថ្លែងទៅកាន់ទាហាននៅមូលដ្ឋានទ័ពអាកាសស្ថិតនៅភាគកណ្តាលអ៊ីស្រាអែល លោក Katz និយាយថា ដោយសារសំពាធយោធាកើនឡើង មាននូវឱកាសមួយនៅពេលនេះដែលពួកយើងពិតជាអាចពន្លឿនកិច្ចព្រមព្រៀងបទឈប់បាញ់បាន ។
លោកនិយាយថា ពាក់ព័ន្ធនឹងតំបន់ហ្កាហ្សា រឿងសំខាន់ជាងគេបំផុតនៅថ្ងៃនេះនៅក្នុងសង្រ្គាមនេះ គឺត្រូវឲ្យចំណាប់ថ្នូរវិលត្រឡប់មកផ្ទះរបស់ពួកគេវិញ ។ នេះគឺជាគោលដៅចុងក្រោយនៅនឹងភ្នែករបស់ពួកយើង ហើយពួកយើងកំពុងធ្វើការរកវិធីសាស្រ្តគ្រប់បែបយ៉ាង ដើម្បីធ្វើឲ្យវាកើតឡើង ។
ខណៈពេលនោះដែរ គេហទំព័រ Axios បានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីអ៊ីស្រាអែលថា អ៊ីស្រាអែលបានបញ្ជូនសំណើថ្មីមួយសម្រាប់កិច្ចព្រមព្រៀងបទឈប់បាញ់ នៅតំបន់ហ្កាហ្សាស្ទ្រីប និងដោះលែងចំណាប់ថ្នូររបស់ខ្លួន ទៅឲ្យចលនាប៉ាឡេស្ទីនហាម៉ាស ។
យោងតាមមន្ត្រីទាំងនោះបានឲ្យដឹងថា ក្នុងលក្ខខណ្ឌនៃការធ្វើបច្ចុប្បន្នភាពសម្រាប់កិច្ចព្រមព្រៀង គឺមិនខុសគ្នាខ្លាំងពីសំណើដែលបានចរចាកាលពីខែសីហា ហើយមិនបានសម្រេចនោះទេ ។ សំណើថ្មីនេះ ត្រូវបានបញ្ជូនទៅកាន់ក្រុមហាម៉ាស តាមរយៈប្រទេសអេហ្ស៊ីប ដែលឥឡូវនេះជាមធ្យោបាយដ៏សំខាន់សម្រាប់ការចរចា ។
យោងតាមតួលេខប៉ាឡេស្ទីន បានឲ្យដឹងថា យុទ្ធនាការសឹករបស់អ៊ីស្រាអែល ចាប់តាំងពីការវាយឆ្មក់របស់ក្រុមហេសបូឡា កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ បានសម្លាប់ជនប៉ាឡេស្ទីនជាង ៤៤.៥០០នាក់ ៕