ក្រសួងការបរទេសចិន បាននិយាយថា ប្រទេសចិនបានសម្រេចដាក់ទណ្ឌកម្មលើក្រុមហ៊ុនយោធាអាមេរិកចំនួន ១៣ក្រុមហ៊ុន ចាប់ពីថ្ងៃព្រហស្បតិ៍ (ទី៥ ខែធ្នូ) នេះតទៅ ដើម្បីជាការឆ្លើយតបទៅនឹងការលក់អាវុធរបស់សហរដ្ឋអាមេរិកទៅឲ្យកោះតៃវ៉ាន់ ដោយការប្រកាសនេះកើតមានឡើងបន្ទាប់ពីសហរដ្ឋអាមេរិករៀបចំឲ្យមេដឹកនាំកោះតៃវ៉ាន់ឆ្លងកាត់ដែនដីរបស់ខ្លួន ។

ហើយចំណាត់ការនេះ ក៏ធ្វើឡើងបន្ទាប់ពីមានការជំទាស់យ៉ាងខ្លាំងក្លារបស់ចិន ចំពោះសហរដ្ឋអាមេរិកដែលអនុញ្ញាតឲ្យមានការលក់នាពេលខាងមុខនូវគ្រឿងបន្លាស់ និងជំនួយសម្រាប់យន្តហោះ F-16 និងប្រព័ន្ធរ៉ាដាដល់កោះតៃវ៉ាន់ ក្នុងតម្លៃ ៣៨៥លានដុល្លារ ដែលទីក្រុងប៉េកាំងនិយាយថា ប៉ះពាល់ដល់អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន។
គួរបញ្ជាក់ថា ប្រទេសចិន ដែលចាត់ទុកកោះតៃវ៉ាន់ថា ជាដែនដីរបស់ខ្លួន និងមេដឹកនាំកោះនេះ គឺលោក Lai Ching-te ថា ជាអ្នកបំបែកខ្លួនដ៏គ្រោះថ្នាក់នោះ ប្រឆាំងរាល់អន្តរកម្ម ឬដំណើរទស្សនកិច្ចបរទេសរបស់មេដឹកនាំកោះនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍ នាថ្ងៃទី៥ ខែធ្នូនេះ ក្រសួងការបរទេសបានឲ្យដឹងថា ក្រុមហ៊ុនដែលកំណត់គោលដៅដោយការដាក់ទណ្ឌកម្មនេះ មានរួមបញ្ចូលទាំងក្រុមហ៊ុន Teledyne Brown Engineering Inc, Brinc Drones Inc និង Shield AI Inc។
ក្រុមហ៊ុនផ្សេងទៀតដែលប្រឈមនឹងទណ្ឌកម្មនេះ គឺក្រុមហ៊ុន Rapid Flight LLC, Red Six Solutions, Synexxus Inc, Firestorm Labs Inc, Kratos Unmanned Aerial Systems Inc, HavocAI, Neros Technologies, Cyberlux Corporation, Domo Tactical Communications និង Group W៕
