ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍នេះ បានរក្សាភាពស្ងៀមស្ងាត់អំពីការដាក់ច្បាប់អាជ្ញាសឹកបន្ទាន់ រយៈពេលខ្លីរបស់លោកប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុក យ៉ូល ( Yoon Suk Yeol) និងផលប៉ះពាល់នយោបាយរបស់ច្បាប់នេះ។
លោក យូន បានប្រកាសច្បាប់អាជ្ញាសឹកភ្លាមៗកាលពីល្ងាចថ្ងៃអង្គារ ដោយចោទប្រកាន់ក្រុមប្រឆាំងថាបានធ្វើឲ្យរដ្ឋាភិបាលជាប់គាំងជាមួយនឹងសកម្មភាពប្រឆាំងរដ្ឋ។ លោកបានដកច្បាប់នេះ រយៈពេលប៉ុន្មានម៉ោងបន្ទាប់ពីរដ្ឋសភា បានបោះឆ្នោតបដិសេធ។
គិតត្រឹមម៉ោង ៩ព្រឹកថ្ងៃនេះ គ្មានប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង រួមទាំងសារព័ត៌មាន Rodong Sinmun ជាកាសែតសំខាន់របស់កូរ៉េខាងជើង និងទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) បានបោះពុម្ពរបាយការណ៍ណាមួយ ដែលទាក់ទងនឹងភាពចលាចលនៃច្បាប់អាជ្ញាសឹកទេ។
កាសែត Rodong Sinmun ដែលជាកាសែតផ្តោតលើទស្សនិកជនក្នុងស្រុក ក៏មិនបានយកអត្ថបទអំពីការប្រមូលផ្តុំប្រឆាំងរដ្ឋាភិបាលរបស់បាតុករកូរ៉េខាងត្បូង ដែលអំពាវនាវឲ្យមានការបណ្តេញលោក យូន ចេញពីតំណែង នៅក្នុងការបោះពុម្ពផ្សាយ នៅថ្ងៃព្រហស្បតិ៍របស់ខ្លួនទេ។ កាសែតនេះ បានបោះពុម្ពរបាយការណ៍បែបនេះ ស្ទើរតែរៀងរាល់ថ្ងៃ ចាប់តាំងពីចុងខែមុន។