ស៊ូដង់៖ ក្រុមបាតុករនៅតែបន្តការតវ៉ារបស់ខ្លួននៅតាមដងផ្លូវនានាក្នុងប្រទេសស៊ូដង់ បន្ទាប់ពីកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះបានធ្វើរដ្ឋប្រហារយោធា។ ខណៈកំពុងស្រែកស្រុះៗគ្នា និងគ្រវីទង់ជាតិ ពួកគេបានបិទផ្លូវក្នុងរដ្ឋធានី Khartoum និងជុំវិញប្រទេសបន្ទាប់ពីការដណ្ដើមកាន់កាប់។

តាមការចុះផ្សាយរបស់សារព័ត៌មាន FRANCE 24 នាយករដ្ឋមន្ត្រីស៊ូដង់ Abdalla Hamdok បានត្រលប់មកផ្ទះវិញហើយកាលពីថ្ងៃអង្គារ មួយថ្ងៃបន្ទាប់ពីលោកត្រូវបានចាប់ឃុំខ្លួន ខណៈដែលកងទ័ពបានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារ ដែលបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ១០នាក់ដោយសារការបាញ់រះរបស់យោធាលើហ្វូងមនុស្ស។ យោងតាមទីភ្នាក់ងារព័ត៌មាន Reuters លោកឧត្តមសេនីយ៍យោធាស៊ូដង់ Abdel-Fattah Burhan បាននិយាយថា រដ្ឋប្រហារកាលពីថ្ងៃចន្ទគឺសមហេតុផលក្នុងការបញ្ចៀស "សង្គ្រាមស៊ីវិល" ហើយថា នាយករដ្ឋមន្ត្រីដែលត្រូវបានឃុំខ្លួននោះត្រូវត្រឡប់ទៅផ្ទះរបស់លោកវិញនៅថ្ងៃអង្គារ។ មុននេះលោកបានព្យាយាមបង្ហាញអំពីភាពត្រឹមត្រូវនៃការកាន់កាប់ ដោយដាក់ការស្ដីបន្ទោសលើបញ្ហាជម្លោះផ្នែកនយោបាយ។ រដ្ឋប្រហារបាននាំឲ្យមានការថ្កោលទោសទូទាំងពិភពលោក។ ក្រុមអ្នកការទូតបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគ្រោងជួបគ្នាកាលពីថ្ងៃអង្គារ ដើម្បីពិភាក្សាអំពីវិបត្តិនេះ៕
អត្ថបទ៖ សុខមាន