នៅថ្ងៃព្រហស្បតិ៍នេះ ពលរដ្ឋលីបង់រស់នៅក្នុងទីក្រុងបេរូត បានបង្ហាញភាពមន្ទិលសង្ស័យរបស់ពួកគេចំពោះអនាគតនៃបទឈប់បាញ់ដែលបានចូលជាធរមានកាលពីថ្ងៃពុធសប្តាហ៍មុនរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ។
លោក Wissam Mansour គឺជាពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុងបេរូត បាននិយាយថា លោកនៅសង្ស័យថា អ៊ីស្រាអែលមិនស្មោះត្រង់ចំពោះការអនុវត្តបទឈប់បាញ់នោះឡើយ ហើយមានតែសំពាធអន្តរជាតិមួយគត់ដែលអាចទប់ទល់ជាមួយពួកគេបាន ។
ចំណែកឯលោក Suheil Al-Tibi គឺជាពលរដ្ឋមួយរូបទៀត និយាយដែរថា បទឈប់បាញ់បានធ្វើឲ្យលោកធូរស្បើយបានបន្តិចដែរ ស្របពេលដែលលោកបានរស់នៅឆ្លងកាត់ជម្លោះផ្សេងទៀតកាលពីមុននៅលីបង់ ។
បទឈប់បាញ់ បានចូលជាធរមានកាលពីថ្ងៃទី ២៧ ខែវិច្ឆិកាកន្លងទៅ និងហាមឃាត់អ៊ីស្រាអែលពីការបើកប្រតិបត្តិការយោធាឈ្លានពាននៅលីបង់ ខណៈតម្រូវឲ្យលីបង់ការពារក្រុមប្រដាប់អាវុធ រួមទាំងក្រុមហេសបូឡា ពីការបើកការវាយប្រហារលើអ៊ីស្រាអែល ។ បទឈប់បាញ់នេះ នឹងទុកពេលឲ្យអ៊ីស្រាអែលចំនួន ៦០ថ្ងៃ ដើម្បីដកទាហានទាំងអស់ចេញពីតំបន់ភាគខាងត្បូងលីបង់ ។
ទោះបីជាមានបទឈប់បាញ់កាលពីសប្តាហ៍មុនយ៉ាងណាក្តី កងកម្លាំងអ៊ីស្រាអែល នៅតែបន្តការវាយប្រហាររបស់ខ្លួនលើអ្វីដែលពួកគេនិយាយថា ក្រុមសកម្មប្រយុទ្ធហេសបូឡា មិនបានអើពើជាមួយកិច្ចព្រមព្រៀង បញ្ឈប់ការវាយប្រហាររបស់ពួកគេ ក៏ដូចជាដកកម្លាំងចេញពីតំបន់ទន្លេ Litani ដែលមានចម្ងាយប្រហែល ៣០គ.មពីព្រំដែន ។
ជាក់ស្តែង កាលពីថ្ងៃចន្ទ ក្រោមហេសបូឡា បានផ្លោងគ្រាប់កាំភ្លើងធំលើប៉ុស្តិ៍យោធាអ៊ីស្រាអែល ខណៈក្រុមអាជ្ញាធរលីបង់និយាយថា មនុស្សយ៉ាងហោច ១២នាក់ ត្រូវបានសម្លាប់ដោយសារការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែលនៅលីបង់ ។
នៅក្នុងការគំរាមខ្លាំងៗបំផុតរបស់ខ្លួន ចាប់តាំងពីបទឈប់បាញ់ឈានដល់ដើម្បីបញ្ចប់សង្រ្គាមរយៈពេល ១៤ខែជាមួយក្រុមហេសបូឡា អ៊ីស្រាអែល និយាយថា ពួកគេនឹងឲ្យលីបង់ទទួលខុសត្រូវចំពោះការមិនអាចទម្លាក់អាវុធរបស់ក្រុមជីវពល ដែលបានបំពានបទឈប់បាញ់ ៕


