នាយករដ្ឋមន្ត្រីរបស់ប្រទេសនេះ បាននិយាយកាលពីថ្ងៃសុក្រសប្តាហ៍មុន ខណៈដែលធ្វើជាម្ចាស់ផ្ទះជាមួយសមភាគីអេស្ប៉ាញលោក Pedro Sanchez ដែលកំពុងស្វែងរកការគាំទ្រសម្រាប់បុព្វហេតុនេះថា ប្រទេសន័រវែស បានត្រៀមខ្លួនរួចជាស្រេច ក្នុងការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន រួមគ្នាជាមួយប្រទេសដទៃ ទៀត។
នាយករដ្ឋមន្រ្តីន័រវែស លោក Jonas Gahr Store បានប្រាប់អ្នកសារព័ត៌មានថា ការសម្រេចចិត្តបែបនេះនឹងត្រូវធ្វើឡើង ដោយមានការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយ «បណ្តាប្រទេសដែលមានគំនិតដូចគ្នា»។
លោក Store បានប្រាប់សន្និសីទសារព័ត៌មានរួមគ្នាជាមួយលោក Sanchez ថា៖«ន័រវែសត្រៀមខ្លួនជាស្រេច ដើម្បីទទួលស្គាល់រដ្ឋប៉ាឡេស្ទីន»។
លោក Store បានបន្ថែមថា៖«យើងមិនបានកំណត់ពេលវេលាច្បាស់លាស់ទេ»។
កាលពីខែវិច្ឆិកា សភាន័រវែស បានអនុម័តសំណើរដ្ឋាភិបាលមួយសម្រាប់ប្រទេសនេះ ដើម្បីត្រៀមខ្លួនទទួលស្គាល់រដ្ឋប៉ាឡេស្ទីនឯករាជ្យមួយ។
ប្រទេសន័រវែស ក៏បានធ្វើជាម្ចាស់ផ្ទះកិច្ចចរចាសន្តិភាពអ៊ីស្រាអែល-ប៉ាឡេស្ទីន នៅដើមទសវត្សរ៍ឆ្នាំ ១៩៩០ ដែលនាំឲ្យមានកិច្ចព្រមព្រៀង Oslo។