ក្រសួងការបរទេសហ្វីលីពីន នៅថ្ងៃព្រហស្បតិ៍ (ទី៥ ខែធ្នូ) នេះ បានឲ្យដឹងថា ខ្លួនបានដាក់ពាក្យតវ៉ាការទូតប្រឆាំងនឹងប្រទេសចិន ជុំវិញឧបទ្ទវហេតុដែនសមុទ្រ កាលពីថ្ងៃទី៤ ខែធ្នូ នៅតំបន់ថ្មប៉ប្រះទឹកដែលមានជម្លោះ ក្នុងសមុទ្រចិនខាងត្បូង។
គួរបញ្ជាក់ថា ប្រទេសចិន និងហ្វីលីពីន បានចោទប្រកាន់ដាក់គ្នាទៅវិញទៅមក កាលពីថ្ងៃទី៤ ខែធ្នូ ជុំវិញការប្រឈមមុខដាក់គ្នា នៅដែនសមុទ្រ ជុំវិញតំបន់ថ្មប៉ប្រះទឹក Scarborough Shoal ដែលជាការប៉ះទង្គិចចុងក្រោយបង្អស់ ក្នុងជម្លោះដ៏រ៉ាំរ៉ៃ និងកាន់តែខ្លាំងឡើងៗ។
ទិន្នន័យរបស់ក្រសួងការបរទេស បង្ហាញថា នេះគឺជាការតវ៉ាការទូតលើកទី៦០ ដែលធ្វើឡើងដោយទីក្រុងម៉ានីលប្រឆាំងនឹងប្រទេសចិន នៅឆ្នាំនេះ និងជាលើកទី១៩៣ គិតចាប់តាំងពីប្រធានាធិបតី លោក Ferdinand Marcos Jr ចូលកាន់តំណែង ក្នុងឆ្នាំ២០២២។
ទីក្រុងប៉េកាំងបានទាមទារស្ទើរតែទាំងអស់នូវតំបន់នៃសមុទ្រចិនខាងត្បូង ក្នុងនោះរួមទាំងតំបន់ថ្មប៉ប្រះទឹក Scarborough Shoal ដែលការអះអាងបែបនេះបានធ្វើឲ្យប្រទេសជិតខាងមិនពេញចិត្ត ដោយបង្កឲ្យមានជម្លោះព្រំដែនមួយចំនួនដែលពួកគេនិយាយថា កាត់ចូលទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ពួកគេ។
ប្រទេសចិនបានច្រានចោលសេចក្តីសម្រេចឆ្នាំ២០១៦ របស់តុលាការអាជ្ញាកណ្តាលអចិន្ត្រៃយ៍ នៅទីក្រុងឡាអេ ប្រទេសហូឡង់ ដែលថា ការទាមទារដ៏ធំទូលំទូលាយរបស់ទីក្រុងប៉េកាំងមិនមានមូលដ្ឋាន ក្រោមច្បាប់អន្តរជាតិនោះទេ៕