ភ្នំពេញ៖ ក្រសួងយុត្តិធម៌សម្រេចស្នើសុំបន្ធូរបន្ថយ និងលើកលែងទោសទណ្ឌិតចំនួន ៦៩៥នាក់នាឱកាសបុណ្យអុំទូកឆ្នាំនេះ។ នេះបើយោងតាមហ្វេសប៊ុក ឯកឧត្ដម គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌។
អ្នកនាំពាក្យក្រសួងយុត្តិធម៌បានបញ្ជាក់ឲ្យដឹងថា គណៈកម្មការថ្នាក់ជាតិបានទទួលសំណុំឯកសារ ពីបណ្ដាពន្ធនាគាររាជធានី-ខេត្តចំនួន ២៤ និងមណ្ឌលអប់រំកែប្រែទាំង ៤ ដែលស្នើសុំផ្ដល់ការអនុគ្រោះទោសដល់ទណ្ឌិតសរុបចំនួន ១០៨៦នាក់ (ស្រី ៧៦នាក់)។ អ្នកនាំពាក្យបន្តថា កិច្ចប្រជុំពិនិត្យលើបញ្ជីឈ្មោះទណ្ឌិត ដើម្បីគោរពស្នើសុំសម្ដេចតេជោនាយករដ្ឋមន្ត្រី ក្រាបបង្គំទួលថ្វាយព្រះមហាក្សត្រផ្ដល់ការបន្ធូរបន្ថយទោស និងលើកលែងទោសក្នុងឱកាសពិធីបុណ្យអុំទូក ក្រោមវត្តមានឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានសម្រេចគោរពស្នើសុំទៅសម្ដេចតេជោនាយករដ្ឋមន្ត្រី ដើម្បីទូលថ្វាយព្រះមហាក្សត្រផ្ដល់ភាពអនុគ្រោះទោសដល់ទណ្ឌិតសរុប ៦៩៥នាក់ (ស្រី ៦៥នាក់) រួមមាន៖
-ស្នើសុំបន្ថយទោសមួយជីវិតមកនៅ ២០ឆ្នាំចំនួន ០៥នាក់ (ស្រី ០០នាក់)
-ស្នើសុំលើកលែងទោសចំនួន ១៩នាក់ (ស្រី ០៦នាក់) (ទណ្ឌិតដែលមានជំងឺរាំរ៉ៃ ចាស់ជរា…)
-ស្នើសុំបន្ធូរបន្ថយទោស ១២ខែ ចំនួន ៩២នាក់ (ស្រី ១០នាក់)
-ស្នើសុំបន្ធូរបន្ថយទោស ៩ខែ ចំនួន ៩៥នាក់ (ស្រី ០៨នាក់)
-ស្នើសុំបន្ធូរបន្ថយទោស ៦ខែ ចំនួន ៤៨៤នាក់ (ស្រី ៤១ នាក់)៕

