បាល់ទាត់៖ ក្លិបបាល់ទាត់ Brentford បានប្រកាសថា អ្នកចាំទីអេស្ប៉ាញ David Raya នឹងត្រូវអវត្តមានយ៉ាងហោចណាស់ ៥ ទៅ ៦ខែដោយសាររបួសជង្គង់។ កីឡាករវ័យ ២៦ឆ្នាំរូបនេះបានទទួលរងរបួសជង្គង់នេះនៅពេលប៉ះទង្គិចជាមួយ Ayoze Perez ការប្រកួតដែល Leicester City យកឈ្នះនៅទឹកដី Brentford ២-១ ចុងសប្តាហ៍កន្លងទៅ។

David Raya គឺជាអ្នកចាំទីជំរើសដំបូងរបស់ Brentford ដោយបានបង្ហាញទាំង ៩ប្រកួតរដូវកាលនេះនៅក្របខណ្ឌ English Premier League ក្នុងនោះមាន ៣ប្រកួតបិទមិនឱ្យរបូតគ្រាប់បាល់។ អ្នកចាំទីបម្រុងមិត្តរួមជាតិអេស្ប៉ាញ Alvaro Fernandez ដែលត្រូវបាន Brentford ខ្ចីពីក្លិបអេស្ប៉ាញ Huesca នោះទំនងជាអ្នកជំនួសតំណែងនេះ ខណៈអ្នកចាំទីមួយរូបទៀតគឺ Patrik Gunnarsson នៅបម្រុង។ Brentford ដែលជាក្រុមឡើងថ្មីកំពុងឈរលេខ ១២ ក្នុងតារាងក្រោយលេងបាន ៩ប្រកួតមាន ១២ពិន្ទុ។ ប្រកួតបន្ទាប់របស់ Brentford គឺត្រូវទៅទឹកដី Stoke City យប់នេះពានរង្វាន់ Carabao Cup៕
អត្ថបទ៖នាង សុភាវុធ