ក្រុមឧទ្ទាមស៊ីរី នៅថ្ងៃព្រហស្បតិ៍ (ទី៥ ខែធ្នូ) នេះ បានប្រាប់ឲ្យដឹងថា ពួកគេបានចាប់ផ្តើមរុញចូលទៅក្នុងទីក្រុងដ៏សំខាន់ គឺទីក្រុង Hama ជាកន្លែងដែលកងកម្លាំងគាំទ្ររដ្ឋាភិបាលទទួលបានជំនួយដោយការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់រុស្ស៊ី កំពុងព្យាយាមទប់ទល់នឹងជ័យជម្នះថ្មីរបស់ពួកឧទ្ទាម និងបញ្ឈប់ការរុលទៅមុខយ៉ាងលឿនរហ័សរបស់ក្រុមបះបោរ។
មេបញ្ជាការក្រុមឧទ្ទាម លោក Hassan Abdul Ghany បានបង្ហោះនៅលើបណ្តាញសង្គមថា ក្រុមបះបោរបានចាប់ផ្តើមវាយលុកចូលដល់ទីក្រុង Hama។ ហើយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា កងកម្លាំងគាំទ្ររដ្ឋាភិបាល បានរារាំងការវាយប្រហារមួយ។
ភាគីទាំង២ បានឲ្យដឹងថា ក្រុមបះបោរ បាន និងកំពុងប្រយុទ្ធ ដើម្បីព្យាយាមរុញចូលទៅក្នុងទីក្រុង Hama ចាប់តាំងពីថ្ងៃទី៣ ខែធ្នូ ហើយមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងពេញមួយយប់ជាមួយកងទ័ពស៊ីរី និងសម្ព័ន្ធមិត្តក្រុមជីវពលគាំទ្រដោយអ៊ីរ៉ង់ ដែលទទួលបានជំនួយដោយការទម្លាក់គ្រាប់បែករបស់រុស្ស៊ី។
គួរបញ្ជាក់ថា ក្រុមឧទ្ទាមបានដណ្តើមយកទីក្រុងដ៏សំខាន់ នៅភាគខាងជើង គឺ Aleppo កាលពីសប្តាហ៍មុន ហើយចាប់តាំងពីពេលនោះមក បានវាយរុញចូលភាគខាងត្បូងពីដែនដីរបស់ពួកគេ នៅភាគពាយ័ព្យប្រទេសស៊ីរី ដោយបានទៅដល់តំបន់ភ្នំជាយុទ្ធសាស្ត្រមួយ ចម្ងាយតែបន្តិចពីភាគខាងជើងនៃទីក្រុង Hama កាលពីថ្ងៃទី៣ ខែធ្នូ ហើយរុលឆ្ពោះទៅកាន់ព្រំដែនផ្នែកខាងកើត និងខាងលិចរបស់ទីក្រុង កាលពីថ្ងៃទី៤ ខែធ្នូ។
ទីក្រុង Hama បានស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល អំឡុងពេលពេញមួយសង្គ្រាមស៊ីវិល ដែលបានផ្ទុះឡើង ក្នុងឆ្នាំ២០១១ ជាការបះបោរប្រឆាំងនឹងប្រធានាធិបតី លោក Bashar al-Assad។ ការដួលរលំរបស់ទីក្រុងនេះ ដោយសារការបះបោរដែលចាប់កក្រើកឡើងវិញ នឹងបញ្ជូននូវសញ្ញាដ៏រំជើបរំជួលដល់ទីក្រុងដាម៉ាស និងសម្ព័ន្ធមិត្តរបស់ខ្លួន គឺរុស្ស៊ី និងអ៊ីរ៉ង់៕


