ទូរទស្សន៍ក្នុងស្រុក ARY News បានរាយការណ៍ថា តុលាការប៉ាគីស្ថាន នៅថ្ងៃព្រហស្បតិ៍ (ទី៥ ខែធ្នូ) បានចេញដីកាចាប់ខ្លួន ចំពោះភរិយារបស់អតីតនាយករដ្ឋមន្ត្រី លោក Imran Khan គឺលោកស្រី Bushra Bibi នៅក្នុងសំណុំរឿងពុករលួយ ជាចំណាត់ការមួយដែលអាចនាំទៅដល់ការចាប់ខ្លួនលោកស្រីឡើងវិញ ក្នុងរយៈពេល ២ខែបន្ទាប់ពីលោកស្រីត្រូវបានដោះលែងពីពន្ធនាគារ ដោយការធានាខ្លួន។
លោកស្រី Bushra Khan ដែលត្រូវបានគេស្គាល់ជាទូទៅថា ឈ្មោះ Bushra Bibi ជាការហៅឈ្មោះដែលបង្ហាញពីការគោរព ត្រូវបានដោះលែងពីពន្ធនាគារ ក្នុងខែតុលា បន្ទាប់ពីត្រូវបានឃុំខ្លួនអស់រយៈពេល ៩ខែ ជុំវិញករណីដែលកំពុងបន្តមានពាក់ព័ន្ធនឹងការលក់អំណោយរបស់រដ្ឋដោយខុសច្បាប់ អំឡុងពេលដែលស្វាមីរបស់លោកស្រី កាន់តំណែងពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២។
ទាំងលោកស្រី និងលោក Khan ដែលបច្ចុប្បន្នកំពុងជាប់ពន្ធនាគារដោយរង់ចាំការកាត់ក្តីលើសំណុំរឿងផ្សេងទៀត ត្រូវបានចោទប្រកាន់ពីបទលក់អំណោយតម្លៃជាង ១៤០លានរូពី ដែលលោក Khan បានទទួលអំឡុងពេលលោកធ្វើជានាយករដ្ឋមន្ត្រី និងដែលជាកម្មសិទ្ធិរបស់រដ្ឋ។ អ្នកទាំង២ បដិសេធការចោទប្រកាន់នានា។
លោកស្រី Bibi វ័យ ៥០ឆ្នាំដែលបានប្រមូលផ្តុំអ្នកគាំទ្ររាប់ពាន់នាក់មកពីគណបក្ស Pakistan Tehreek-e-Insaf (PTI) របស់លោក Khan ដើម្បីទាមទារឲ្យមានការដោះលែងស្វាមីរបស់ខ្លួន អំឡុងការតវ៉ាដ៏ធំកាលពីខែមុន ត្រូវបានបង្ខំរត់គេចខ្លួនទៅកាន់ខេត្ត Khyber Pakhtunkhwa ភាគពាយ័ព្យ ដែលគ្រប់គ្រងដោយគណបក្ស បន្ទាប់ពីកងកម្លាំងប៉ារ៉ាយោធាបានបំបែកការជួបជុំនៅទីក្រុងអ៊ីស្លាម៉ាបាដនោះ។
ប្រព័ន្ធផ្សាយផ្សាយ ARY News បានរាយការណ៍ថា តុលាការនៅទីក្រុងអ៊ីស្លាម៉ាបាដ បានចេញដីកាថ្មីជានាមរបស់លោកស្រី ក្នុងសំណុំរឿងដូចគ្នា នៅថ្ងៃព្រហស្បតិ៍នេះ ដោយមានការអនុញ្ញាតឲ្យការិយាល័យគណនេយ្យភាពជាតិ (NAB) ដែលជាទីភ្នាក់ងារប្រឆាំងអំពើពុករលួយរបស់ប៉ាគីស្ថាន ទទួលបានយុត្តាធិការនៅទូទាំងប្រទេស ដើម្បីចាប់ខ្លួនលោកស្រី៕