ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការដឹកនាំបញ្ជារផ្ទាល់ ដោយលោកឧត្តមសេនីយ៍ឯករ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកការឆ្មក់ចុះបង្ក្រាបទីតាំងលួចលាក់ប្រើប្រាស់គ្រឿងញៀនដ៏ធំមួយកន្លែងជ្រកក្រោមស្លាកអាជីវកម្មភោជនីយដ្ឋានហាងតែ ដោយបានឃាត់ខ្លួនក្រុមជនសង្ស័យ៩៣នាក់ និងបានដកហូតគ្រឿងញៀនជាច្រើនរយកញ្ចប់ផងដែរ ។
ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងកាលពីយប់ថ្ងៃទី០៣ឈានចូលថ្ងៃទី០៤ខែធ្នូឆ្នាំ២០២៤ស្ថិតក្នុងភូមិព្រែកតាគង់សង្កាត់ព្រែកតាសេកខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដោយកម្លាំងអាវុធហត្ថរាជធានីភ្នំពេញសហការណ៍ជាមួយមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ និងដោយមានការសម្របសម្រួលនីតិវិធីច្បាប់ ពីលេាកប្លង់សុផលព្រះរាជអាជ្ញារនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
ក្នុងការប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ចអាវុធហត្ថ បានឃាត់ខ្លួនមនុស្សសរុប៩៣នាក់ ( ស្រី៤៩នាក់ ) ក្នុងនោះមាន០៣សញ្ចាតិ ខ្មែរ , ចិន និងវៀតណាម និងបានរកឃើញវត្ថុតាងគ្រឿងញៀនចម្រុះជាង៤០០កញ្ចប់ , បំពង់ខ្យល់ជាង១០០បំពង់និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនធំផ្សេងទៀតផងដែរ ។
ក្រោយការឃាត់ខ្លួន ជនសង្ស័យត្រូវបានបញ្ចូនទៅសាកសួរនាំ និងឃុំខ្លួនបណ្តោះអាសន្ន នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រងចាំកសាងសំណុំរឿងបញ្ចូនទៅតុលាការចាត់ការទៅតាមនីតិវិធីច្បាប់នៅពេលក្រោយ ៕ តារាវុទ្ធី










