ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឱ្យអាមេរិក និងអាស៊ាន បន្តពង្រឹងនិងពង្រីកទំនាក់ទំនងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដោយឈរលើមូលដ្ឋានគោរពអធិបតេយ្យភាព និងជួយគ្នាទៅវិញទៅមក ដើម្បីឈានទៅកសាងអនាគតរួមដ៏ភ្លឺស្វាង និងប្រកបដោយវិបុលភាព។
សម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លើកទី៩ នៅយប់ថ្ងៃទី២៦ ខែតុលា នេះ តាមប្រព័ន្ធវីដេអូ ដែលកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោក ចូ បៃដិន ប្រធានាធិបតីអាមេរិកផងនោះ បានស្នើអាមេរិក និងអាស៊ាន យកចិត្តទុកដាក់ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់មួយចំនួន ដូចជា វិស័យសុខាភិបាល ឌីជីថល ដឹកជញ្ជូន ថាមពល បរិស្ថាន និងកាប្រែប្រួលអាកាសធាតុ ការពង្រឹង និងលើកកម្ពស់តួនាទីស្ត្រី។
សម្តេចតេជោ បានលើកទៀតថា វិបត្តិសកល នៃជំងឺកូវីដ១៩ បានរំលឹកឡើងវិញនូវភាពចាំបាច់ នៃការរួបរួមសាមគ្គីគ្នា កិច្ចសហការ និងការជួយគ្នាទៅវិញទៅមក ដោយមិនប្រកាន់ជាតិសាសន៍ ជំនឿសាសនា និងនិន្នាការនយោបាយ។
ក្នុងស្មារតីនេះ សម្តេចតេជោ បានគូសបញ្ជាក់ថា កម្ពុជាវាយតម្លៃខ្ពស់ចំពោះគំនិតផ្ដួចផ្តើមរៀបចំ «សេចក្តីព្រាងគោលដៅ» ក្នុងកិច្ចប្រជុំកំពូលសកល ស្តីពីជំងឺកូវីដ-១៩ នាពេលថ្មីៗនេះ ជាពិសេសចំពោះការកំណត់យកគោលដៅ ចាក់វ៉ាក់សាំង ឱ្យបានយ៉ាងតិច៧០ភាគរយ នៃប្រជាជនសកលលោក។
សម្តេចតេជោ ក៏បានស្នើឱ្យសហរដ្ឋអាមេរិក បន្តផ្តល់ការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការស្តារ និងជំរុញកំណើនសង្គម-សេដ្ឋកិច្ច ជាពិសេសតាមរយៈក្របខណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន។
ក្នុងកិច្ចប្រជុំនេះ លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក បានប្រកាសថា នឹងបន្តធ្វើជាស្នូលរបស់អាស៊ាន ក្នុងកិច្ចសហការក្នុងតំបន់ ជាពិសេសក្នុងក្របខ័ណ្ឌឥណ្ឌូប៉ាស៊ីហ្វិក។ អាមេរិក នឹងជំរុញកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន លើវិស័យផ្សេងៗទៀត ជាពិសេសលើវិស័យឌីជីថល ដូចជា សន្តិសុខ មិនប្រពៃណី ជាពិសេសធ្វើយ៉ាងណាឲ្យតំបន់នេះរក្សាបាននូវសន្តិភាព ស្ថិរភាព និងសន្តិសុខ។
លោកប្រធានាធិបតីអាមេរិក បានលើកឡើងថា អ្វីដែលអាមេរិកមានជាមួយអាស៊ាន គឺជាទំនាក់ទំនងមួយរឹងមាំ និងបានប្ដេជ្ញាចិត្តខ្ពស់បន្តការគាំទ្រដល់អាស៊ាន ដោយលោកបានចាត់ទុកថា អាស៊ាន គឺបានដើរតួនាទីជាស្នូលនៅក្នុងតំបន់ មិនត្រឹមតែសេដ្ឋកិច្ចទីផ្សារ ជាពិសេសក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងសហរដ្ឋអាមេរិក នៅក្នុងតំបន់តែម្តង៕
អត្ថបទ៖ មុត សុទ្ធ
