មនុស្សរាប់ពាន់នាក់ បានចេញតវ៉ានៅតាមផ្លូវនានាក្នុងទីក្រុងប៉ារីស កាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូសប្ដាហ៍នេះ ប្រឆាំងនឹងការកាត់បន្ថយកញ្ចប់ថវិកាក្នុងមុខងារស៊ីវិល មួយថ្ងៃបន្ទាប់ពីគណបក្សឆ្វេង និងស្តាំនិយមជ្រុល ក្នុងសភាបានទម្លាក់រដ្ឋាភិបាលបារាំងតាមរយៈការបោះឆ្នោតដកសេចក្ដីទុកចិត្ត។

ចំណែកសមាជិកសហជីពពាណិជ្ជកម្ម វិញក៏បានចេញតវ៉ាក្នុងពេលដំណាលគ្នាផងដែរ ទាមទារឲ្យរដ្ឋាភិបាលបារាំងស្ដាប់ពីតម្រូវការរបស់ពួកគេឲ្យបានច្រើនជាងមុខ។

វាជាការខ្វែងគំនិតគ្នាលើថវិកា ក្នុងបំណងព្យាយាមទប់ឱនភាពសាធារណៈដែលកើនឡើងរបស់បារាំងតាមរយៈការដំឡើងពន្ធ និងការកាត់បន្ថយការចំណាយចំនួន៦០ ពាន់លានអឺរ៉ូ ជាដើមចមឈានដល់ការបោះឆ្នោតដកសេចក្ដីទុកចិត្តលើនាយករដ្ឋមន្ត្រី មីហ្សែល បានីញ៉េ (Michel Barnier) ។
ប្រព័ន្ធផ្សព្វផ្សាយបារាំងបានរាយការណ៍ថា កូដកម្មដែលបានគ្រោងទុកជាមុននៅទូទាំងវិស័យសាធារណៈ រួមទាំងនៅក្នុងមន្ទីរពេទ្យ និងសាលារៀន បានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដោយគ្រូម្នាក់ក្នុងចំណោមបីនាក់អវត្តមាន។

ក្រុមអ្នកតវ៉ានៅក្នុងទីក្រុងប៉ារីស បាននិយាយថា ពួកគេរំពឹងថារដ្ឋាភិបាលស្ដាំនិយមមួយផ្សេងទៀតនឹងត្រូវបានតែងតាំងដោយលោកប្រធានាធិបតី Emmanuel Macron ហើយបានអំពាវនាវឱ្យមន្ត្រីរជ្ឋការបន្តជំរុញការទាមទាររបស់ពួកគេសម្រាប់ការវិនិយោគលើវិស័យសាធារណៈបន្ថែមទៀត៕