មេដឹកនាំគណបក្សកាន់អំណាចប្រទេសកូរ៉េខាងត្បូងលោក Han Doong-hoon នៅថ្ងៃសុក្រសប្ដាហ៍នេះបានសម្តែងការព្រួយបារម្ភថា សកម្មភាពជ្រុលនិយម ដូចជាការប្រកាសច្បាប់អាជ្ញាសឹក អាចកើតឡើងម្តងទៀត ប្រសិនបើលោកប្រធានាធិបតី Yoon Suk Yeol នៅតែកាន់តំណែងទៀតនោះ។

ជាមួយគ្នានោះ លោកក៏បានអំពាវនាវឱ្យប្រធានាធិបតីរូបនេះ ចុះចេញពីតំណែងឲ្យបានឆាប់ផងដែរ ដោយនិយាយថា ប្រជាពលរដ្ឋអាចស្ថិតក្នុងគ្រោះថ្នាក់ធ្ងន់ធ្ងរ ប្រសិនបើលោកនៅតែបន្តកាន់អំណាចទៀត។

លោក Han Doong-hoon មេដឹកនាំគណបក្សអំណាចប្រជាជន (PPP) បានបន្ថែមថា គណបក្សរបស់លោកបានទទួល "ភស្តុតាងគួរឱ្យទុកចិត្ត" ដែលលោក Yoon បានបញ្ជាឱ្យចាប់ខ្លួនអ្នកនយោបាយសំខាន់ៗលើ"ការចោទប្រកាន់ប្រឆាំងរដ្ឋ"នៅពេលលោកបានប្រកាសច្បាប់អាជ្ញាសឹកកាលពីយប់ថ្ងៃអង្គារសប្ដាហ៍នេះ។

ការអត្ថាធិប្បាយរបស់លោក ដែលធ្វើឡើងនៅក្នុងកិច្ចប្រជុំបន្ទាន់មួយរបស់គណបក្សនៅថ្ងៃសុក្រ ទី៦ ធ្នូសប្ដាហ៍នេះ ទំនងជាការងាកចេញពីជំហរកាលពីមុនរបស់លោក ដែលថាគណបក្សរបស់លោកនឹងរារាំងញ្ញត្តិការចោទប្រកាន់ទម្លាក់តំណែងប្រធានាធិបតី របស់គណបក្សប្រឆាំង ដែលត្រូវបានពិភាក្សាកាលពីថ្ងៃពុធ។ គណបក្សប្រឆាំងត្រូវការសមាជិកសភាបក្សកាន់អំណាចយ៉ាងហោចណាស់៦រូបគាំទ្រញ្ញតិ្តចោទប្រកាន់នេះ ដើម្បីឲ្យខ្លួនទទួលបានជោគជ័យ។ លោក Yoon បានធ្វើឱ្យប្រទេសមានការភ្ញាក់ផ្អើលកាលពីយប់ថ្ងៃអង្គារ នៅពេលលោកបានប្រកាសច្បាប់អាជ្ញាសឹកជាបន្ទាន់ដោយលើកឡើងពីការគំរាមកំហែងពី "កងកម្លាំងប្រឆាំងរដ្ឋ" ។
បទបញ្ជានេះត្រូវបានផ្លាស់ប្តូរភ្លាមៗប៉ុន្មានម៉ោងក្រោយមក បន្ទាប់ពីសមាជិកសភាចំនួន១៩០រូប បានបោះឆ្នោតទម្លាក់ចោល ដោយពួកគេមួយចំនួនឡើងរបង និងបំបែករបាំងដើម្បីចូលទៅក្នុងបន្ទប់បោះឆ្នោត៕