គណៈប្រតិភូមកពីប្រទេសចិន ចំនួន ៧ ក្រុមហ៊ុន បានសិក្សាស្វែងយល់ អំពីបរិយាកាសវិនិយោគនៅកម្ពុជា លើការបណ្តាក់ទុន រកស៊ីទទួលទានផ្សេងៗ ខណៈកម្ពុជាបានផ្តល់នូវភាពអំណោយផល និងបង្ករលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងជូនអ្នកវិនិយោគ។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅក្នុងជំនួបពិភាក្សា ការងារជាមួយ លោក Du Xu នាយកប្រតិបត្តិក្រុមហ៊ុន Guangdong Guangxin Holdings Group Ltd. និងជាតំណាងនៃ គណៈប្រតិភូ ដែលមានសមាសភាពពីក្រុមហ៊ុនចំនួន៦ផ្សេងទៀត នៅថ្ងៃទី ៥ ខែ ធ្នូ ម្សិលមិញនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកបង្ហាញអំពីសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលកំពុងត្រូវបានយកចិត្តទុក ដាក់ និងមានតួនាទីសំខាន់ គាំទ្រសកម្មភាពវិនិយោគរបស់វិនិយោគិន។ ជាក់ស្ដែងចំពោះគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹកមានជាអាទិ៍ គម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងអាទិភាពមួយដែលទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល នឹងចូលរួមជំរុញភាពប្រទាក់ ក្រឡា នៃការដឹកជញ្ជូនផ្លូវទឹកនៅកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្ថែមថា ពាក់ព័ន្ធនឹងកិច្ចសម្រួលវិនិយោគ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្ពោធដាក់ឱ្យប្រើ ជាផ្លូវការនូវប្រព័ន្ធបច្ចេកវិទ្យាថ្មីមួយ សម្រាប់ការចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ កាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ ដែលមានឈ្មោះថាប្រព័ន្ធ cdcIPM។ ប្រព័ន្ធនេះត្រូវបានអភិវឌ្ឍឡើងស្របតាមគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីជំរុញ ប្រសិទ្ធភាពក្នុងការទាក់ទាញវិនិយោគិន ឱ្យមកវិនិយោគនៅកម្ពុជា និងផ្ដល់លទ្ធភាពជូនវិនិយោគិនអាចដាក់ពាក្យស្នើសុំចុះបញ្ជី គម្រោងវិនិយោគពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដោយផ្ទាល់ផងដែរ។

នៅក្នុងជំនួបនេះ, លោក Du Xu បានថ្លែងអំណរគុណជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតជូនលោក និងគណៈប្រតិភូទាំងអស់ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ព្រមទាំងអាចស្វែងយល់បន្ថែមទៀត អំពីបរិយាកាសវិនិយោគ នៅកម្ពុជា។ លើសពីនេះ លោកក៏បានសម្ដែងការអបអរសាទរចំពោះលទ្ធផលដ៏មានផ្លែផ្កា នៃដំណើរទស្សនកិច្ចមិត្តភាព និងផ្លូវការ របស់គណៈប្រតិភូនៃព្រះរាជាណាចក្រកម្ពុជា ដែលមានឯកឧត្តមឧបនាយករដ្ឋមន្រ្តី អញ្ជើញអមដំណើរសម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នោះផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី






