បាតុកម្មនៅប្រទេសហ្ស៊កហ្ស៊ី បានឈានចូលដល់សប្តាហ៍ទីពីរ ខណៈអ្នកគាំទ្រគណបក្សប្រឆាំងគាំទ្រសហភាពអឺរ៉ុប បានមកប្រមូលផ្តុំគ្នាកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ នៅខាងមុខសភារបស់ប្រទេស ក្នុងទីក្រុង ប៊ីលីស៊ី(Tbilisi)។

អតីតប្រធានាធិបតីរបស់ប្រទេស លោក Giorgi Margvelashvili ដែលមានវត្តមាននៅក្នុងការតវ៉ា បានប្រាប់សារព័ត៌មាន Reuters ថា តាមគំនិតរបស់លោក រដ្ឋាភិបាលបច្ចុប្បន្នបានជួប «មហន្តរាយ» បន្ទាប់ពីវិបត្តិនយោបាយរយៈពេលមួយសប្តាហ៍។

ការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងការផ្អាកកិច្ចចរចារបស់សហភាពអឺរ៉ុប បានធ្វើឱ្យប្រទេស តំបន់កូកាសខាងត្បូងដែលមានប្រជាជនចំនួន ៣,៧លាននាក់មួយនេះ ធ្លាក់ចូលទៅក្នុងវិបត្តិនយោបាយ ហើយអាជ្ញាធរ អះអាងថា បានរារាំងការប៉ុនប៉ងការធ្វើបដិវត្តន៍។
ក្រុមអ្នករិះគន់ បានចោទប្រកាន់រដ្ឋាភិបាលថា បានបែរខ្នងដាក់ប្រទេសលោកខាងលិច និងដឹកនាំប្រទេសកាន់តែផ្តាច់ការខ្លាំងឡើង និងបង្វែរទិសដៅគាំទ្ររុស្ស៊ី ដែលការចោទប្រកាន់នេះត្រូវបានគណបក្សកាន់អំណាច បដិសេធ។